(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានកោតសរសើរដល់ សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានយ៉ាងល្អ ដែលធ្វើឱ្យអ្នកចូលរួម កើនឡើងរហូតដល់ ២៥-៣០ភាគរយ បើធៀបនឹងឆ្នាំមុន។
ថ្លែងក្នុងពិធីបើកការប្រគុំតន្ត្រីអង្គរសង្ក្រាន្ត «កម្ពុជាមាតុភូមិខ្ញុំ» នៅថ្ងៃបិទបញ្ចប់នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៦ នៅខេត្តសៀមរាប លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦នេះ ប្រមាណ ១.៣លាននាក់ ដោយមានកំណើនប្រមាណ ២៥-៣០% បើប្រៀបធៀបនឹងឆ្នាំ២០១៥កន្លងមក នេះបានបញ្ជាក់ ពីការរីកចំរើននៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានបន្តទៀតថា វិស័យទេសចរណ៍បានដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាព សម្រាប់អភិវឌ្ឍដែលអាចបង្កើតជាការទាក់ទាញ សម្រាប់តំបន់មួយ ឬប្រទេសមួយនៅក្នុងទីផ្សារទេសចរណ៍ ដែលកំពុងមានការប្រកួតប្រជែងខ្លាំង ខណៈដែឡវិស័យទេសចរណ៍ បានបង្កើតនូវប្រភពចំណូល និងធនធានដែឡអាចគាំទ្រ និងពង្រឹងការអភិក្ស និងអភិវឌ្ឍនវប្បធម៌ ដែលធានាបាននិរន្តរភាពវប្បធម៌ ក្នុងវិស័យទេសចរណ៍ជាអ្នកប្រើប្រាស់វប្បធម៌ ហើយក៍ជាអ្នកថែរក្សាវប្បធម៌ផងដែរ។
លោករដ្ឋមន្រ្តី បានអំពាវនាវឱ្យស្មារតី និងភាពជាគំរូនៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត បានក្លាយទៅជាគំរូដ៏ល្អ នៃគ្រប់សកម្មភាព និងព្រឹត្តិការណ៍ ទេសចរណ៍វប្បធម៌នៅទូទាំងប្រទេស ដើម្បីឲ្យព្រឹត្តិការណ៍ និងសកម្មភាព ក្លាយជាផលិតផលទេសចរណ៍ វប្បធម៌មួយ ដ៏ល្បីល្បាញរបស់ប្រទេសជាតិ និងអំពាវនាវឱ្យប្រជាពលរដ្ឋ យុវជនទាំងអស់ បន្តការចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» អោយបានខ្លាំងក្លា៕