(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានថ្លែងឲ្យដឹងនៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង បានត្រៀមនឹងបាញ់សាកល្បងគ្រាប់បែកនុយក្លែអ៊ែរលើកទី៥ ចំពេលដែលមានសេចក្ដីរាយការណ៍មកថា ទីតាំងបាញ់សាកល្បងនុយក្លែអ៊ែរកូរ៉េខាងជើង កំពុងតែមានសកម្មភាពមមាញឹក នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសានេះ។
ក្រុមអ្នកជំនាញរបស់កូរ៉េខាងត្បូង បានអះអាងថា ការសាកល្បងគ្រាប់បែកនុយក្លែអ៊ែរលើកទី៥របស់កូរ៉េខាងជើងនេះ អាចនឹងជះផលអាក្រក់ខ្លាំង ព្រោះឥទ្ធិពលនៃគ្រាប់បែកនោះខ្លាំងក្លា ដោយសារតែកូរ៉េខាងជើង បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីក្នុងការផលិត។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០១៦ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីល និងបាញ់បង្ហោះផ្ដាយរណប ដែលធ្វើឲ្យបណ្ដាប្រទេសជាច្រើន ជាពិសេសគឺកូរ៉េខាងត្បូង និង UN សម្រេចចិត្តដាក់ទណ្ឌកម្មបន្ថែមពីលើទណ្ឌកម្មចាស់ និងបានអំពាវនាវឲ្យមេដឹកនាំកូរ៉េខាងជើង លោក គីម ជុនអ៊ុន បញ្ឈប់ការបាញ់សាកល្បងអាវុធនុយក្លែអ៊ែរ និងវិលមករកតុចរចា ដើម្បីសន្ដិភាព៕