(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ពេលនេះ បាននិងកំពុង ជិះឧទ្ធម្ភាគចក្រជាមួយ អគ្គរដ្ឋទូតអាមេរិក លោក William A. Heidt ដើម្បីត្រួតពិនិត្យមើលតំបន់ព្រៃឡង់។
តាមការប្រកាសរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា បំណងនៃដំណើរតាមឧទ្ធម្ភាគចក្រនេះ គឺដើម្បីលើកកំពស់ ការយល់ដឹង លើការបំផ្លាញព្រៃឈើ និងបង្កើនការគាំទ្ររបស់រដ្ឋាភិបាលក្នុងការការពារព្រៃឈើ។ ការមកជួបគ្នានៃផ្នែកក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងមហាផ្ទៃជួយបង្ហាញ ឱ្យឃើញការគាំទ្រ និងកិច្ចសហប្រតិបតិ្តការអន្តរក្រសួង ក្នុងការការពារព្រៃឡង់។
បន្ទាប់ពីចុះចតនៅរាជធានីភ្នំពេញលោកឯកអគ្គរដ្ឋទូត Heidt និងមន្រ្តីកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានខ្លីមួយនៅសណ្ឋាគារ Sofitel Phnom Penh Phokeethra Hotelត្រឹមម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្មីៗនេះ បានប្រកាសដាក់ព្រៃឡង់ ជាព្រៃការពារក្នុងនោះ រាប់ទាំងព្រៃនៅតំបន់ភ្នំក្រវ៉ាញផងដែរ៕