Update៖ រញ្ជួយដីនៅ Ecuador បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២៧២នាក់
18-04-2016 11:03
(អេក្វាទ័រ)៖ ចំនួនមនុស្សស្លាប់បង្កឡើងដោយគ្រោះធម្មជាតិរញ្ជួយផែនដីកម្រិត ៧,៨រ៉ិចទ័រ ដែលបាន វាយប្រហារភាគពាយ័ព្យនៃប្រទេសអេក្វាទ័រ (Ecuador) នោះបានកើនឡើងដល់ ២៧២នាក់ហើយ ស្របពេលដែលរដ្ឋាភិបាល បានបញ្ជាក់ថា ចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត។ នេះបើតាមការផ្សាយរបស់ AFP នៅមុននេះបន្តិច នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦។
កងទ័ព និងកងកម្លាំងប៉ូលិសសរុប ១៤,០០០នាក់ត្រូវបានដាក់ពង្រាយ ទៅតំបន់នានាដែលបាន ទទួលរងគ្រោះរញ្ជួយដី ដែលបានកើតមានឡើងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះនៅប្រទេស អេក្វាទ័រ ដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង ជាប់នឹងមហាសាគរប៉ាស៊ីហ្វិក ដែរនោះ។ បច្ចុប្បន្នខេត្តចំនួន ០៦ នៅក្បែរតំបន់ដែលបានរងគ្រោះរញ្ជួយដី នៅតែស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ ហើយមនុស្ស ២,៥២៧ កំពុងសម្រាកព្យាបាលរបួសនៅឯមន្ទីរពេទ្យ៕