(បាត់ដំបង)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន ក៏ជាសាក្សីម្នាក់ដែលស្ថិត និងឃើញផ្ទាល់ពីបាតុភូតមួយនេះក៏បានអះអាងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃច័ន្ទនេះថា ពិតជាបានកើតឡើងយ៉ាងពិតប្រាកដ គឺភ្លៀងធ្លាក់ព្រិលទឹកកក នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋជាច្រើននាក់រស់នៅឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ បានផ្អើលនាំគ្នាទៅរើសព្រិល ដែលបានធ្លាក់ពីលើមេឃយកទៅហូប ខណ:ដែលមានភ្លៀងលាយខ្យល់យ៉ាងខ្លាំង បានកើតឡើងមួយប្រាវ នៅតំបន់នោះ ដែលគេហៅថា ខ្យល់កន្រ្តាក់។ ហេតុការណ៌ដ៏កម្រនេះបានកើតឡើង ដ៏កម្រនៅប្រទេសកម្ពុជា ហេតុដូច្នេះហើយទើបប្រជាពលរដ្ឋ បាននាំគ្នាកាន់ផ្តិលរត់ទៅត្រង់ និងរើសព្រិលយកទៅហូប ដើម្បីស្គាល់ពីរសជាតិរបស់វា ពីព្រោះធ្លាប់តែឃើញតាមទូរទស្សន៍ ពីការធ្លាក់ព្រឹលនៅបរទេស។
លោក នួន សាន្ត បានបញ្ជាក់ប្រាប់ថាថា ខណៈដែលលោកកំពុងបើករថយន្ត បត់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅភ្នំធិបតី ស្រុកគាស់ក្រឡ ស្រាប់តែធ្វើដំណើរដល់ឃុំព្រៃតូច ក៏មានខ្យល់គួចដ៏ធំ ហើយឥទ្ធិពលដ៏ខ្លាំង នៅចំងាយប្រមាណ៣០ម៉ែត្រពីរថយន្តរបស់លោក។
លោកព្រះរាជអាជ្ញារូបនោះបានបន្តថា បើតាមការប៉ាន់ស្មានខ្យល់គួចនេះ មានអង្កត់ផ្ចឹតពី២០ ទៅ៣០ម៉ែត្រ ហើយបើបក់ចំរថយន្តវិញ អាចនឹងបើងក៏ថាបានពីព្រោះធំពេក។
ក្រោយពេលមានខ្យល់ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងមែនទែន ប្រមាណ១៥នាទី ហើយក៏មានព្រឹលធ្លាក់មកលើកញ្ចក់រថយន្តរបស់លោកប៉ក់ៗ។ លុះពេលបើកទៅមុខបន្តិច ក៏ឃើញប្រជាជននៅទីនោះជាច្រើននាក់ នាំគ្នាកាន់ផ្តិលមករើសព្រិល យកទៅហូបពេលដែលលោកបានសួរនាំមកនោះ។
យ៉ាងណាក៏ដោយហេតុការណ៍នេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ជីវិតប្រជាពលរដ្ឋនោះឡើយ តែផ្ទះមួយចំនួនក៏រងការខូចខាតផងដែរ៕