(ភ្នំពេញ)៖ លោក កែវ សុធារ៉ា នាយកប្រតិបត្តិសាខា KW ខេត្តសៀមរាប បានបង្ហាញក្ដីរំពឹងយ៉ាងមុតមាំថា វិស័យអចលនទ្រព្យក្នុងខេត្តគោលដៅទេសចរណ៍ពិភពលោកដ៏ធំនេះ នឹងផ្ទុះឡើងខ្លាំង បន្ទាប់ពីបើកទទួលទេសចរណ៍ឡើងវិញ ដោយផ្អែកលើសក្ដានុពលជាច្រើន ពិសេសការកែប្រែមុខមាត់ថ្មី តាមរយៈការកសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើននាពេលបច្ចុប្បន្ន ។

ការអះអាងនេះ ធ្វើឡើងក្នុងពិធីចុះកិច្ចព្រមព្រៀងដំឡើង KW ខេត្តសៀមរាប ពីអនុសាខា ទៅជាសាខារបស់ក្រុមហ៊ុន KW Cambodia ក្រោមវត្តមានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង នៅថ្ងៃទី០២ ខែធ្នូនេះ ។ ការបង្ហាញសុទិដ្ឋិនិយមនេះ ដោយផ្អែកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោយប្រកាសបើកប្រទេសឡើងវិញ អមជាមួយការលើកលែងការធ្វើចត្ដាឡីស័កសម្រាប់អ្នកដំណើរមកពីបរទេស និងការត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំងសម្រាប់ខេត្តសៀមរាប នាពេលខាងមុខ ។

អ្នកជំនាញវ័យក្មេងរូបនេះ បញ្ជាក់ថា «សៀមរាប បានត្រៀមខ្លួនរួចហើយ ជាមួយការស្ថាបនាផ្លូវ ៣៨ខ្សែ ដែលនឹងបញ្ចប់នាចុងឆ្នាំនេះ ការកែប្រែមុខមាត់ថ្មីនៃក្រុងសៀមរាប ព្រលានយន្ដហោះថ្មី ដែលនឹងបញ្ចប់នាឆ្នាំ២០២៣ ។ ដូច្នេះសៀមរាប រង់ចាំតែមួយទេ គឺទេសចរណ៍ ព្រោះខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ធំ ។ អ៊ីចឹងបន្ទាប់ពីសៀមរាបអាចទទួលវិនិយោគិនបរទេស និងភ្ញៀវទេសចរណ៍អន្ដរជាតិ ច្បាស់ណាស់ វិស័យអចលនទ្រព្យប្រាកដជាមានការីកចម្រើនខ្លាំងមែនទែន»

ដោយឡែកលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហាញសុទិដ្ឋិនិយមដូចគ្នា បន្ទាប់ពីមានវត្តមានភ្ញៀវទេសចរណ៍ឡើងវិញ នៅខេត្តសៀមរាប មិនត្រឹមតែជំរុញចរន្ដសេដ្ឋកិច្ច ក៏ដូចជាការផ្ដល់ឱកាសការងារដ៏ប្រជាពលរដ្ឋ តាមរយៈតម្រូវការគ្រប់ផ្នែកនោះទេ តែថែមទាំងលើកកម្ពស់វិស័យអចលនទ្រព្យក្នុងខេត្តនេះទៀតផង ។

ស្ថាបនិក KW Cambodia ខាងលើបន្ដថា «ពេលទេសចរណ៍បរទេសជាច្រើនមកសៀរាប ខ្មែរជាច្រើននឹងធ្វើចំណាកស្រុកពីខេត្តផ្សេងៗទៅសៀមរាប ព្រោះកម្ពុជាមាន ២៥ខេត្ត-ក្រុង តែមិនមែនគ្រប់ខេត្តសុទ្ធតែមានសេដ្ឋកិច្ចល្អទេ ខេត្តខ្លះក៏មិនសូវមានការងារធ្វើ ចឹងប្រជាជនត្រូវទៅសៀមរាបរកការងារធ្វើ ។ អ៊ីចឹងតម្រូវការអចលនទ្រព្យនឹងកើនឡើង ។ ខ្ញុំមើលឃើញថា ផ្លូវ ៣៨ខ្សែ ព្រលានយន្ដហោះថ្មី ទេសចរណ៍វ៉ាក់សាំង គឺជាកត្ដាជំរុញមួយឲ្យតម្រូវការអចលនទ្រព្យ នឹងកើនឡើង»