(ភ្នំពេញ)៖ ក្រោយពីព្រឹត្តិការណ៍អង្គរសង្រ្កាន្គ ដែលរៀបចំធ្វើនៅខេត្តសៀមរាប រយៈពេល៤ថ្ងៃពោលគឺ ថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា បានបញ្ចប់ជាស្ថាពររួចមក, សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះជាសារមួយនៅលើបណ្តាញសង្គម Facebook របស់សម្តេច នៅព្រឹកថ្ងៃទី១៨ ខែមេសានេះថា «អង្គរសង្រ្កាន្តដែលបានរៀបចំនៅក្នុងខេត្តសៀមរាប មិនត្រឹមតែបានផ្តល់នូវការកំសាន្តរីករាយ ដល់ប្រជាពលរដ្ឋយើងប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើអោយភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែស្គាល់កម្ពុជាច្បាស់ឡើងៗ។
ទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ និងអរិយធម៌ដ៏ល្អឯករបស់កម្ពុជាបានបង្ហាញឲ្យយុវជនជំនាន់ក្រោយ និងពិភពលោកបានដឹងនិង កោតស្ញប់ស្ញែង ព្រះរាជាណាចក្រអច្ឆរិយៈរបស់យើង។ អ្វីដែលជាកាតព្វកិច្ចរបស់កូនចៅជំនាន់ក្រោយ គឺយើងត្រូវរួបរួមគ្នាថែរក្សាការពារសុខសន្តិភាព ដើម្បីប្រទេសជាតិយើង កាន់តែរីកចម្រើនបានលឿនទៅមុខ និងដើម្បីប្រជាពលរដ្ឋ ជាពិសេសយុវជនយើងកាន់តែមានឱកាស ច្រើនឡើងដើម្បីកសាងអភិវឌ្ឍន៍អនាគតរបស់ខ្លួន»។
គួរបញ្ជាក់ថា នៅថ្ងៃបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្គនៅលើទឹកដីអង្គរ មានវត្តមានរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមនឹងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀតចូលរួមផងដែរ។ ខណៈចូលរួមនៅក្នុង ព្រឹត្តិការណ៍អង្គរសង្រ្កាន្គសង្កេតឃើញថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួមនឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន បានចូលរួមរាំកម្សាន្ត និងបានចូលរួមសកម្មភាពជាច្រើនទៀត ជាមួយប្រជាពលរដ្ឋខ្មែរជាច្រើនទៀត។
នេះគឺជាឆ្នាំទីបួនហើយ ដែលសហភាពសហព័ន្ធយុវវជនកម្ពុជា បានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្គ នៅលើទឹកដីខេត្តសៀមរាប ហើយ ព្រឹត្តិការណ៍អង្គរសង្រ្កាន្គ កន្លងមកក៏ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងអន្តរជាតិផងដែរ៕