(ភ្នំពេញ)៖ ជាថ្មីម្តងទៀតរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានខ្សឹបប្រាប់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ ថា លោកគ្មានលុយនៅ Offshore companies នៃប្រទេសប៉ាណាម៉ា នោះទេ បើអ្នកណារកឃើញអាចយកលុយទាំងអស់នោះបាន ឬផ្ទេរទៅឲ្យមន្ទីរពេទ្យគន្ធបុប្ជា។
លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បង្ហាញឲ្យដឹងថា តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០១៦ថា «ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រកាសថា បើលោកមានលុយនៅក្នុង offshore companies មែន អ្នកណាដែលរកឃើញ អាចយកលុយទាំងអស់នោះបាន ហើយបើមិនចង់យកលោក នឹងផ្ទេរលុយទាំងអស់នោះ ទៅមន្ទីរពេទ្យគន្ធបុប្ផា»។
លោករដ្ឋមន្រ្តី បញ្ជាក់ថា «នេះជាការអះអាងរបស់លោក ក្នុងពេលទទួលទានអាហារពេលល្ងាចជាមួយខ្ញុំ ពីម្សិលមិញ»។
កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦កន្លងទៅ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានធ្លាប់ថ្លែងប្រាប់អង្គភាព Fresh News ដោយបានសម្តែងការអស់សំណើច នៅពេលឃើញព័ត៌មានចេញផ្សាយថា រូបលោកបាន លួចលាក់លុយចំនួនតែត្រឹម ៥០០០ដុល្លារប៉ុណ្ណោះ តាមរយៈការទិញភាគហ៊ុនពីក្រុមហ៊ុននៅក្រៅប្រទេស។ លោករដ្ឋមន្រ្តីថ្លែងថា ទោះលុយនោះ មាន៥០០០ដុល្លារក្តី ឬតិចជាង ឬច្រើនជាង៥០០០ដុល្លារក្តី រូបលោកនឹងប្រគល់លុយទាំងអស់នោះ ទៅឲ្យអ្នកព័ត៌មាន ឬនរណាម្នាក់ បើអ្នកនោះបានរកឃើញមានពិតប្រាកដថា លោកមានទិញភាគហ៊ុនពីក្រុមហ៊ុន នៅក្រៅប្រទេសមែននោះ។
លោក អង្គ វង្សវឌ្ឍនា បានថ្លែងបញ្ជាក់ថា របាយការណ៍នេះ គឺជាការភូតកុហកក្នុងចេតនា ធ្វើឱ្យសាធារណមតិភាន់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់លោកផងដែរ។
ការថ្លែងរបស់លោក អង្គ វង្សវឌ្ឍានា បានធ្វើឡើង បន្ទាប់ពីមានការបែកធ្លាយនូវឯកសារ Panama Papers ចងក្រងឡើងដោយក្រុមអ្នកព័ត៌មាន ដោយលើកបង្ហាញថា មានមន្រ្តីថ្នាក់ដឹកនាំពីបណ្តាប្រទេសជាច្រើន រួមទាំងកីឡាករ និងតារាភាពយន្តផងដែរ បានលួចទិញគម្រោងវិនិយោគនានា នៅប្រទេស Panama ដើម្បីលាក់បាំងរបាយការណ៍ប្រាក់ចំណូលរបស់ខ្លួន។
សូមជំរាបថា បន្ទាប់ពីការបកអាក្រាតពីការរៀបចំហិរញ្ញវត្ថុសម្ងាត់ «ឯកសារសម្ងាត់ Panama Paper» ពីសំណាក់អ្នកមានអំណាច និងបុគ្គលល្បីៗនានា នៅលើពិភពលោកនោះ Panama Papers នៅបានបង្ហាញទៀតថា ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស គឺជាទីតាំងស្នូលដ៏សំខាន់បំផុត សម្រាប់ជាបណ្តាញនៃជម្រកពន្ធ របស់ពិភពលោកទាំងមូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមេសា ឆ្នាំ២០១៦»។
ឯកសារលេចធ្លាយពីក្រុមហ៊ុន Mossack Fonseca បានអះអាងថា ចក្រភពអង់គ្លេស មានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនរាប់ពាន់ តាមរយៈការបិទបាំងពន្ធអាករ ហើយក៏មានការប្រើប្រាស់ លុយសម្ងាត់ នៅក្នុងការវិនិយោគផងដែរនៅអង់គ្លេស ជាពិសេសគឺលើទ្រព្យសម្បត្តិនានា ក្នុងទីក្រុងឡុងដ៍ផ្ទាល់តែម្តង។
ពាក្យរិះគន់ជាច្រើន បានកើតឡើងជាបណ្តើរៗហើយ ដោយមតិទាំងនោះបានចោទប្រកាន់រដ្ឋាភិបាលអង់គ្លេសថា បានធ្វើជាខ្វាក់ភ្នែក ចំពោះការហូរចូលនៃហិរញ្ញវត្ថុដ៏គួរឲ្យសង្ស័យជាច្រើន។ គ្រាន់តែកោះ Virgin របស់អង់គ្លេសមួយប៉ុណ្ណោះ គឺបានកើតមានករណីមិនប្រក្រតី ចំនួន១១០,០០០ករណី ឯណោះនៅក្នុងឯកសាររបស់ក្រុមហ៊ុន Mossack Fonseca៕