ប្រធានាធិបតី Ecuador៖ អ្នកស្លាប់ដោយសាររញ្ជួយដី កើនដល់ ២៣៣នាក់
17-04-2016 22:35
(អេក្វាទ័រ)៖ គ្រោះរញ្ជួយដីដ៏អាក្រក់បំផុត នៅប្រទេសអេក្វាទ័រ (Ecuador) ដែលមានកម្រិតរហូតដល់ ៧.៨រ៉ិចទ័រនោះ បានបណ្តាលឲ្យមនុស្សស្លាប់ កើនឡើងដល់ទៅ ២៣៣នាក់ហើយ ស្របពេលដែល មនុស្សជាង ៥០០នាក់ទៀតរងរបួស។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន BBC ដកស្រង់សម្តីលោកប្រធានាធិបតីអេក្វាទ័រ នៅមុននេះបន្តិច នាយប់ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦។
វាពិតជាការវិនាសហិនហោចមួយសម្រាប់ តំបន់ឆ្នេរសមុទ្រភាគពាយ័ព្យ របស់ប្រទេសអាមេរិកខាងត្បូងមួយនេះ ព្រោះថាអគារផ្សេងៗ លំនៅដ្ឋាន និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនបានដួលរលំ ហើយខ្លះទៀតបានខ្ទេចខ្ទីអស់តែម្តង។ មនុស្សភាគច្រើនដែលស្លាប់ និងរងរបួសនោះ គឺដោយសារតែ អគាររលំ និងបាក់បែកធ្លាក់សង្កត់ពីលើ ហើយមនុស្សជាច្រើនអាចកំពុង ជាប់ក្រោមគំនរអគារបាក់បែក បន្ថែមទៀត៕