(មណ្ឌលគិរី)៖ ខ្យល់កន្រ្តាក់លាយឡំភ្លៀងផ្គរ និងធ្លាក់ព្រឹលផងនោះ បានបក់បោករលំផ្ទះប្រជាពលរដ្ឋមួយខ្នង ដួលរាបនឹងដី បណ្តាលឲ្យកុមារីចំនួន៣នាក់ នៅចាំផ្ទះរងរបួសធ្ងន់ធ្ងរ គ្រាដែលឪពុកម្តាយខ្លួនចេញទៅស៊ីឈ្នួលគេបាត់អស់។
ហេតុការណ៍នេះ បានកើតឡើងនៅសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅភូមិពូជ្រៃចាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ កុមារីរងគ្រោះទាំងបី ត្រូវបានគេដឹកជញ្ជូនមកសង្រ្គោះបន្ទាន់ នៅពេទ្យបង្អែក ខេត្តមណ្ឌលគិរី។
លោក សៀ សុមៀង ប្រធានពេទ្យបង្អែកខេត្តឲ្យដឹងថា កុមារីរងគ្រោះទាំងបីនោះ ម្នាក់រងគ្រោះបាក់ជើងស្តាំ រីឯពីរនាក់ទៀតរងរបួសផ្នែកក្បាល គ្រូពេទ្យកំពុងជួយសង្រ្គោះ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំងកាកបាទក្រហមខេត្ត ចុះទៅសួរសុខទុក្ខគ្រួសាររងគ្រោះនោះ ដល់មន្ទីរពេទ្យ និងមានចែកជូនអំណោយ និងថវិកាចំនួន៥០ម៉ឺនរៀល ព្រមទាំងធ្វើការផ្តាំផ្ញើក្រុមគ្រូពេទ្យឱ្យ យកចិត្តទុកដាក់ខ្ពស់ ក្នុងការព្យាបាលអ្នកជំងឺ៕
]