(ពោធិ៍សាត់)៖ ក្មេងស្រី២នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាល នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅចំណុចទឹកធ្លាក់ថ្មដា ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពបានឱ្យដឹងថា ក្មេងស្រីរងគ្រោះទី១-ឈ្មោះ បូរ សុខហៀង ភេទស្រីអាយុ១០ឆ្នាំ មានឪពុកឈ្មោះ កង បែន និង ម្តាយឈ្មោះ ពៅ រ៉ា និងទី២- ឈ្មោះ ភន ស្រីនីត ភេទស្រី អាយុ០៨ឆ្នាំ មានឪពុកឈ្មោះ ឃន សំអុល និងម្តាយឈ្មោះ ផន សុភាព ។ ឪពុកម្តាយកុមារីរងគ្រោះទាំងពីរ រស់នៅក្នុងភូមិកណ្តាល ឃុំថ្មដា ស្រុកវាលវែង ពោធិ៍សាត់។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញក្មេងស្រីរងគ្រោះទាំងពីរនាក់ កំពុងជិះទូកលេងនៅចំណុចភូមិឃុំកើតហេតុខាងលើ ស្រាប់តែទូកលិច ក៏បាត់ក្មេងទាំងពីរនាក់នោះតែម្តង ទើបបង្កការភ្ញាក់ផ្អើល នាំគ្នាចុះរាវក្នុងទឹក ប្រទះឃើញក្មេងស្រីទាំងពីរនាក់ លង់ទឹកស្លាប់បាត់ទៅហើយ។
ភ្លាមៗនោះសមត្ថកិច្ចជំនាញបច្ចេកទេសបានចុះធ្វើកោសល្យវិច្ច័យ ពិនិត្យសពក្មេងស្រីរងគ្រោះ ហើយបញ្ជាក់ថា ក្មេងស្រីរងគ្រោះទាំងពីរពិតជាស្លាប់ ដោយសារជិះទូកលិច ហើយលង់ទឹកខ្លួនឯងប្រាកដមែន។ សពក្មេងស្រីរងគ្រោះឈ្មោះ បូរ សុខហៀង ត្រូវបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកសពក្មេងស្រីឈ្មោះ ភន ស្រីនីត ត្រូវបានក្រុមគ្រួសារមិនអស់ចិត្តក៏បញ្ជូនកូនរបស់ខ្លួន ទៅមន្ទីរពេទ្យខេត្តត្រាត ប្រទេសថៃ តែជាអកុសលកុមារីរងគ្រោះ បានស្លាប់បាត់ទៅហើយ៕