(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង នៅថ្ងៃទី១៧ ខែមេសានេះ បានផ្ញើសារថ្លែងអំណរគុណ ដល់បុគ្គលិកសុខាភិបាល លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ នៅទូទាំងប្រទេសកម្ពុជា ពិសេសក្រុមគ្រូពេទ្យ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលបំពេញការងារជួយសង្គ្រោះជីវិតមនុស្ស នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយមិនគិតពីការនឿយហត់ និងមិនបានជួបជុំបងប្អូនញាតិមិត្ត។

លោកបណ្ឌិត ម៉ម ប៊ុនហេង បានសរសេរថា «ក្នុងនាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតជូនដល់បុគ្គលិកសុខាភិបាល លោកគ្រូពេទ្យ-អ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ ជួយសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជា ទូទៅនៅទូទាំង២៥រាជធានី-ខេត្ត ដោយមិនគិតពីការនឿយហត់ និងមិនបាននៅជួបជុំគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ ដោយសារតែជាប់បំពេញភារកិច្ចដ៏ប្រពៃនេះ ដែលបានចូលរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋយើង អាចចូលរួមការលេងសប្បាយ នៅតាមទីកន្លែងផ្សេងៗ ជាពិសេសនៅក្នុងកម្មវិធីអង្គរសង្រ្កាន នៅខេត្តសៀមរាប និងនៅតាមតំបន់ទេសចរណ៍នានា នៅក្នុងប្រទេស។ ជាមួយនឹងការថ្លែងអំណរគុណ ជាពិសេសរបស់ខ្ញុំនេះ ខ្ញុំសូមប្រសិទ្ធិពរជ័យ សេរីមង្គល ចម្រុងចម្រើននៅក្នុងគ្រុមគ្រួសាររបស់លោកអ្នកទាំងអស់ នៅក្នុងឆ្នាំថ្មីនេះ»

សូមជម្រាបថា បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦ ត្រូវបានប្រព្រឹត្តិឡើងនៅរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៦៕