(កំពង់ធំ)៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងហើយ ត្រូវភ្លើងឆេះបំផ្លាញទាំងស្រុង ហើយផ្ទះរាប់សិបខ្នងទៀត ស្ថិត នៅភូមិនាងសៅ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បាន និងកំពុងទទួលរងការគំរាមកំហែង ខណៈដែលភ្លើងកំពុងឆេះព្រៃយ៉ាងខ្លាំង នៅក្បែរផ្ទះអ្នកស្រុក នៅរសៀលល្ងាច និងបន្តរហូតមកដល់យប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ។
លោក ហេង មនោ មេឃុំផាត់សណ្តាយ បានប្រាប់ Fresh News នៅយប់នេះថា ដោយសារក្តៅខ្លាំងពេក បានធ្វើឲ្យមានភ្លើងឆេះព្រៃ ដែលយើងមិនអាចសន្និដ្ឋានមកពីមូលហេតុអីពិតប្រាកនោះទេ ហើយនៅថ្ងៃនេះ ភ្លើងឆេះ៣កន្លែងហើយ ប៉ុន្តែបានពន្លត់២កន្លែង នៅសល់មួយកន្លែងទៀត កំពុងគំរាមកំហែងផ្ទះប្រជាពលរដ្ឋ។
លោកមេឃុំ បានបញ្ជាក់ថា សម្រាប់ហេតុការណ៍នេះ ប្រជាជននៅក្នុងភូមិ សហការជាមួយនគរបាលប៉ុស្តិ៍ និងអាវុធហត្ថ ជាង១០០នាក់ នាំគ្នាជួយបាញ់ពន្លត់ដោយម៉ាសីុនបូមទឹកតូចៗ ពីព្រោះនៅតំបន់នោះ គឺមិនអាចឲ្យរថយន្តចូលទៅដល់បានទេ។ បើតាមលោកមេឃុំ ប្រជាពលរដ្ឋនៅតាមផ្ទះ បាននាំគ្នាបាញ់ទឹកស្កាត់ហើយ តែបើផ្ទះណាត្រូវភ្លើងគំរាមកំហែងខ្លាំងនោះ គឺកម្លាំងយើងនឹងនាំគ្នា ទៅជួយ។ សម្រាប់លោកមេឃុំ ក៏មិនទាន់ហ៊ានសន្និដ្ឋានថា អាចបាញ់ពន្លត់ ឫយ៉ាងណានោះទេ បើភ្លើងឆេះខ្លាំងយ៉ាងនេះ ហើយឡានទឹកក៏មិនអាចចូលទៅបានទៀត ដែលរហូតមកដល់យប់នេះ ផ្ទះមួយខ្នងត្រូវភ្លើងឆេះអស់ហើយ។
លោក ហេង មនោ បានអំពាវនាវ និងសុំជំនួយពីថ្នាក់ដឹកនាំខេត្ត ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផងដែរ បើសិនភ្លើងមិនត្រូវបានបាញ់ពន្លត់នោះ៕