(កំពង់ធំ)៖ អ្នកបើករថយន្ត Land Cruiser ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ នគរបាល2.6556 បានបុកជាមួយរថយន្ត Vigo បណ្តាលរងការខូចខាតយ៉ាងដំណំ ប៉ុន្តែអ្វីដែលហួសចិត្តនោះ គឺអ្នកបើករថយន្ត Land Cruiser មិនបានចូលខ្លួនមកដោះស្រាយ បែរជាគេចខ្លួនបាត់ ហើយហៅបក្ខពួករបស់ខ្លួនមកដោះស្លាកលេខរថយន្ត យកទៅបាត់ទៀត ក្នុងគោលបំណងមិនឲ្យសមត្ថកិច្ចដឹង និងអ្នកកាសែតថតបានយកទៅចុះផ្សាយ ជាពិសេសនោះ គឺមានបំណងលាក់អត្តសញ្ញាណ របស់ខ្លួនតែម្តង។
ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅលើចំណុចផ្លូវវាងក្រុងថ្មី ក្នុងភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Land Cruiser ពណ៌ទឹកប្រាក់ពាក់ស្លាកលេខនគរបាល2. 6556 បើកបរក្នុងល្បឿងយ៉ាងលឿនឆ្លងថ្នល់វៀងកុងពីកើតទៅលិច លុះមកជិតដល់ចំណុចផ្លូវម្ខាងទៀតហើយនោះ ក៏បានវាក់អើជាមួយនិងម៉ូតូ១គ្រឿងទៀត។ ពេលនោះ អ្នកបើករថយន្ត Land Cruiser ក៏ជាន់ហ្វ្រាំងគាប់ជួនរថយន្តវីហ្គោពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2I.7336 បើកបរពីជើងទៅត្បូង ក៏បុកគ្នាយ៉ាងពេញ ទំហឹងបណ្តាលឲ្យរថយន្ត Land Cruiser ក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ពីលើផ្លូវជាតិ ផ្ទុះពោងសុវត្ថិភាពទាំងអស់ក្នុងរថយន្ត។
រថយន្តត្រូវខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សស្លាប់នោះទេ ពីព្រោះនៅក្នុងរថយន្តសេរីទំនើបមួយនេះ មានតែអ្នកបើកបរម្នាក់ ហើយបានពោងសុវត្ថិភាពជួយ។
ក្រោយពេលកើតហេតុភាគីខាងរថយន្តវីហ្គោឈ្មោះ ខាំ សំ ភេទប្រុសអាយុ៣៩ រស់នៅភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានចូលខ្លួនមកដោះស្រាយនៅចំពោះមុខសមត្ថកិច្ច តែចំណែកភាគីខាងរថយន្ត Land Cruiser បានព្យាយាមគេចខ្លួន ពីកន្លែងកើតហេតុ និងខិតខំលាក់បាំងអត្តសញ្ញាណ ហើយបានទូរស័ព្ទឲ្យបងប្អូនដោះស្លាកលេខរថយន្តយកទៅលាក់ទុក ដោយមិនប្រាប់ការពិតថា ម្ចាស់រថយន្តឈ្មោះអ្វី ហើយមានឋានៈធំប៉ុនណានោះទេ គេគ្រាន់តែដឹងថា ម្ចាស់រថយន្ត គឺជាមន្ត្រីនគរបាលម្នាក់។
លោកវរសេនីយ៏ឯក កែវ ហួ ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានការិយាល័យកណ្តាល សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក បានប្រាប់នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះថា ករណីខាងលើនេះ បើតាមច្បាប់ចរាចរណ៏ផ្លូវគោក ប្រសិនមិនមានគ្រោះថ្នាក់ធំដំុទេនោះ គឺភាគីទាំងសងខាងធ្វើការចចារគ្នាទៅ បើមិនត្រូវគ្នាទេ មានតែចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ តែរហូតមកដល់ពេលនេះខាងភាគីរថយន្ត Land Cruiser នៅមិនទាន់ចូលមកសប្រមសម្រួលនៅឡើយទេ។
លោកថា បើតាមច្បាប់គឺមានកំហុសម្ខាងម្នាក់ខាងរថយន្តឡង់គ្រីស័រ បើកឆ្លងថ្នល់មិនមានការប្រុងប្រយ័ត្ន រីឯខាងរថយន្តវីហ្គោវិញបើកលឿនខ្វះការប្រុងប្រយ័ត្ន ហើយផ្លូវវាងក្រុងនេះទើបតែសាងសង់រួច នៅមិនទាន់បានដាក់ស្លាកសញ្ញាចរាចរណ៍នៅឡើយ ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញ៉ឹកញាប់ នៅចំណុចខាងលើនេះ៕