(ភ្នំពេញ)៖ អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ បានដឹកនាំ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ ចុះទៅបង្ក្រាបទីតាំងហ្គេមខុសច្បាប់ និងគ្រឿងញៀន នៅក្រុមទី ១០-១១ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាតំបន់ស្មុគស្មាញយ៉ាងខ្លាំង និងតែងតែបង្កឲ្យមានបទល្មើសកើតឡើងជាបន្តបន្ទាប់។

លោក ម៉ក់ ហុង បានបញ្ជាក់ថា ជាលទ្ធផលកម្លាំងនគរបាល បានឃាត់ខ្លួនមនុស្សបានចំនួន៨នាក់ ដកហូត ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន និងទូហ្គេមបាញ់ត្រី ចំនួន ៣ទូផងដែរ។

បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ ត្រូវបាននាំខ្លួនយកមកធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីបំពេញនីតិវិធីតាមផ្លូវច្បាប់៕