(ភ្នំពេញ)៖ រាប់ចាប់ពីរាជធានីភ្នំពេញ ជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាមជ្ឈមណ្ឌលរដ្ឋបាល និងពាណិជ្ជកម្ម រហូតដល់ព្រំដែននៃកម្ពុជា ជាមួយនិងបណ្តាមិត្តជិតខាង សង្កេតឃើញ កងកម្លាំងប្រដាប់អាវុធទាំងក្នុងប្រទេស និងនៅតាមបណ្តោយព្រំដែន រួមជាមួយនិងអាជ្ញាធរ មូលដ្ឋានទាំងអស់ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ចរបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលទើបនិងបញ្ចប់កាលពីម្សិលមិញ។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹង និងគោរពវាយតម្លៃខ្ពស់នូវប្រសាសន៍របស់សម្តេចតេជោដែល ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បន្តរក្សា ឲ្យបានជាដាច់ខាត នូវសុខសន្តិភាពទូទាំងផ្ទៃប្រទេស ដែលសម្តេចតេជោ សម្រេចបាន» ដើម្បីឆ្ពោះបន្តទៅការអភិវឌ្ឍប្រកបដោយនិរន្តភាព និងភាពសម្បូរ សប្បាយជារៀងរហូតរបស់ប្រជាជាតិកម្ពុជា។ ប្រសិនបើគ្មានសុខសន្តិភាព ដែលសម្តេចតេជោ សម្រេចបាននោះទេ យើងទាំងអស់គ្នាប្រាកដ ជាពុំមានឱកាសជួបជុំក្រុមគ្រួសារ រីករាយ និងស្និតស្នាល ដូចសព្វថ្ងៃនេះទេ។
លោក ផៃ ស៊ីផាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រនាមមណ្ឌាទេវី សូមតាមជួយអភិបាលប្រោះព្រំសព្វសាធុការពរជ័យ គ្រប់ប្រការជូនចំពោះ កងកម្លាំងប្រដាប់អាវុធទាំងក្នុងប្រទេស និងនៅតាមបណ្តោយព្រំដែន រួមជាមួយនិងអាជ្ញាធរមូលដ្ឋានទាំងអស់ ក្នុងបេសកកម្មដើម្បីជាតិមាតុភូមិ៕