(ភ្នំពេញ)៖ នារីវ័យក្មេងម្នាក់ត្រូវបានចោរពីរនាក់ ប្រដាប់ដោយកាំភ្លើងខ្លីធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូ មួយគ្រឿងម៉ាក Scoopy ពណ៌សស្លាកលេខភ្នំពេញ1CA-3281 ទៅបាត់នៅចំនុចភូមិអន្លង់កាងាន សង្កាត់ឃ្មួញខណ្ឌសែនសុខ នាម៉ោង៩៖៤០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ។
នារីរងគ្រោះ មានឈ្មោះ ញឹម អុីណា ភេទស្រីអាយុ១៩ឆ្នាំ មុខរបរលក់ដូរ ហើយនារីរងគ្រោះ បានប្រាប់ថាមុនកើតហេតុ គឺរូបនាងបានជិះម៉ូតូចេញពីផ្ទះ ទៅរកម្តាយនៅឯវត្តតែពេលទៅដល់គឺម្តាយរបស់នាង បានជិះមកជាមួយអ្នកជិតខាងមុនទៅហើយ ពេលនោះនារីរងគ្រោះ ក៏បានជិះម៉ូតូត្រលប់មកផ្ទះវិញ តែជិះមកមិនទាន់ដល់ផ្ទះផងក៏លេចមុខជនល្មើសមួយក្រុមមានគ្នាជិះម៉ូតូធំមួយគ្រឿង មិនចាំម៉ាកបានគៀរអោយនាងឈប់រួចដកកាំភ្លើងខ្លី ពីចង្កេះ ធ្វើសកម្មភាពភភ្ជង់ប្លន់យកម៉ូតូរបស់នាង ម៉ាក Scoopy ទៅបាត់ ហើយនាងបន្តទៀតថាមិនមែនត្រឹមយកតែម៉ូតូទេ គឺជនល្មើសបានយកលុយ២៥០ដុល្លារ ខ្សែករផ្លាកទិនមួយខ្សែ ចិញ្ចៀនមួយវង់ និងទូរសព្ទ័ម៉ាក សាំសុងមួយគ្រឿងទៀតផងដែរ។
ហើយនាងបានបន្តទៀតថាក្រោយពីជនល្មើស បានប្លន់យកម៉ូតូ និងសម្ភារទាំងអស់នេះ ហើយពួកវាក៏ជិះម៉ូតូរបស់នាងចេញទៅបាត់ បន្ទាប់ពីចោរចេញទៅបាត់នាងបានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ឃ្មួញ ទាំងក្តីអស់សង្ឃឹមតែប៉ុណ្ណោះ។
សូមបញ្ជាក់ផងដែរថា ករណីប្លន់ខាងលើនេះសមត្ថកិច្ចខណ្ឌសែនសុខ កំពុងតែស្រាវជ្រាវ ថាជាករណីប្លន់មែន ឬក៏យ៉ាងណានោះទេ៕