(ភ្នំពេញ)៖ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ជាខួបលើកទី៦នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២ ធ្នូ ២០១៥ - ២ ធ្នូ ២០២១)។

ការចុះ «ល្បែងទាញព្រ័ត្រ» ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ធ្វើឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ នៅទីក្រុងវិនឌុក ប្រទេសណាមីប៊ី។

ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកម្សាន្ត។

ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និងវប្បធម៌ខ្មែរ ហើយយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គ ប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ៕