(ភ្នំពេញ)៖ លោក គង្គ ប៊ុនឈឿន កវីខ្មែរដ៏ល្បីល្បាញជំនាន់មុន ត្រូវបានកូនប្រសាររបស់គាត់ប្រកាសតាម បណ្តាញសង្គម Facebook បានទទួលមរណភាពហើយ នៅម៉ោង៧៖២០នាទី ថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងប្រទេសណ័រវេស។
កូនប្រសាររបស់ លោកតា គង្គ ប៊ុនឈឿន គឺលោក មុត ថារី បានប្រកាសនៅលើ Facebook យ៉ាងដូច្នេះថា «ក្រុមគ្រួសារខ្ញុំមានទុក្ខជាខ្លាំងដោយកវីម្ចាស់បទស្ទឹងសង្កែ គង់ ប៊ុនឈឿន ដែលជាស្វាមី ជាឪពុក ឪពុកក្មេក ជាជីតាបានលាចេញពីពួកយើងខ្ញុំហើយ គឺលាដោយគ្មានពេលនឹងត្រលប់វិញឡើយ នៅវេលាម៉ោង៧និង២០នាទី ថ្ងៃអាទិត្យទី១៧ មេសា ឆ្នាំ២០១៦ នៅមន្ទីពេទ្យ ប្រទេស Norway ។ សូមជូនដំណឹងដល់អ៊ំពូមីង បងប្អូនទាំងអស់ដែលបានគាំទ្រគាត់»។
ប្រវត្តិខ្លះរបស់កវី គង្គ ប៊ុនឈឿន៖
លោក គង្គ ប៊ុនឈឿន ជាកវីដ៏ល្បីមា្នក់ ដែលមានរហ័សនាមថា កវីម្ចាស់ ស្ទឹងសង្កែកវី គង្គ ប៊ុនឈឿន កើតនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ១៩៣៩ នៅភូមិ-ឃុំ-ស្រុកចំការសំរោង ខេត្តបាត់ដំបង។ ឳពុក ឈ្មោះ គង់ ឈិន (ស្រុកកំណើតនៅខេត្តតាកែវ) ម្តាយឈ្មោះម៉រ ភីង(បាត់ដំបង)។
អំឡុងឆ្នាំ១៩៥៥ លោក គង្គ ប៊ុនឈឿន បានចូលប្រឡូក្នុងវិស័យសិល្បៈ តែងនិពន្ធ រហូតប្រឡងជាប់លេខមួយ ជាលើកដំបូង ក្នុងឱកាសមហាស្របអក្សរសិល៍មួយ នៅក្នុងខេត្តបាត់ដំបង ក្នុងឆ្នាំ១៩៥៧ ក្នុងស្នាដៃឈ្មោះ ស្នេហារលុះអវសាន្ត។
លោក គង្គ ប៊ុនឈឿន ជាអ្នកសសេរការសែត អ្នកនិពន្ធប្រលោមលោក ពាក្យរាយ កំណាព្យ ចម្រៀង សេណារិយ៉ូភាពយន្ត ជាអ្នកដឹកនាំសម្តែង អ្នកនិពន្ឋបទភ្លេង ដ៏ល្បីឈ្មោះម្នាក់ ។ ក្រៅពីនេះលោកក៏ជាអ្នកគូរគំនូរអប់រំផងដែរ។
នៅឆ្នាំ២០០០ លោកជាអ្ននិពន្ឋជនជាតិខ្មែរទី២ បន្ចាប់ពីលោកពេជ្រ ជុំក្រវិល ដែលបានទទួលជ័យលាភី ស្នាដៃតែងនិពន្ធក្របខណ្ឌអាស៊ាន៕
លោក គង្គ ប៊ុនឈឿន ពេលសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ