(បាត់ដំបង)៖ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានសហការជាមួយមូលនិធិខុនរាដអាឌិនណៅអ៊ែរប្រចាំកម្ពុជា (Konrad Adenauer Stiftung-KAS) នៃប្រទេសអាឡឺម៉ង់ និងដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ(DIS)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រៀបចំសិក្ខាសាលាស្តីពីការចែករំលែកចំណេះដឹង និងបទពិសោធន៍លើផ្នែកទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១។

ការបង្រៀនគឺទាក់ទងនឹងការរៀបចំប្លង់មេរៀនលម្អិត ការរៀបចំឯកសារមេរៀន ការជ្រើសរើសវិធីសាស្រ្តបង្រៀន និងការវាយតម្លៃការសិក្សានិស្សិត ដើម្បីត្រៀមលក្ខណៈសម្បតិ្តឱ្យបានគ្រប់គ្រាន់ក្នុងការបណ្តុះបណ្តាលជំនាញទំនាក់ទំនងអន្តរជាតិ។

សិក្ខាសាលានេះមានវត្ថុបំណងសំខាន់ៗ៤ដូចតទៅ៖

១៖ ផ្តល់ឱ្យមន្ត្រីអប់រំជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិបាត់ដំបងនូវមូលដ្ឋានទស្សនវិជ្ជា ទាំងទ្រឹស្តី និងការអនុវត្តការបង្រៀន និងរៀននៅថ្នាក់ឧត្តមសិក្សា។

២៖ ជួយឱ្យមន្រ្តីអប់រំជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិបាត់ដំបងអាចរៀបចំគម្រោងមេរៀនលម្អិតមុខវិជ្ជា ប្រើប្រាស់វិធីគរុកោសល្យ និងការងារវាយតម្លៃការសិក្សា។

៣៖ ចែករំលែកបទពិសោធន៍លើការអនុវត្តការបង្រៀន និងរៀនល្អៗពីដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយមន្ត្រីអប់រំក្នុងកម្មវិធីទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិបាត់ដំបង។

៤៖ ជួយជំរុញឱ្យមន្ត្រីអប់រំក្នុងកម្មវិធីទំនាក់ទំនងអន្តរជាតិជំនាន់ទី១ ទទួលបានគុណភាពនៃការបង្រៀន។

សូមបញ្ជាក់ថា ការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងផ្នែកទំនាក់ទំនងអន្តរជាតិ និងអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ផ្អែកលើស្មារតីអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។

ក្នុងឆ្នាំសិក្សា២០២១-២០២២ វិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យជាតិបាត់ដំបង នឹងធ្វើការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញទំនាក់ទំនងអន្តរជាតិ សម្រាប់សិស្សានុសិស្សដែលបង្រៀនដោយសាស្ត្រាចារ្យ និងមានវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ដែលធ្លាប់មានបទពិសោធន៍ក្នុងការបង្រៀនជំនាញទំនាក់ទំនងអន្តរជាតិ វិស័យការទូត សេដ្ឋកិច្ច ច្បាប់ជាដើម។

លើសពីនេះទៀត កម្មវិធីអប់រំថ្មីនេះនឹងមានបញ្ចូលសកម្មភាពសំខាន់ៗជាច្រើនទៀត ដូចជា ទស្សនកិច្ចសិក្សានៅតាមក្រសួងស្ថាប័នរដ្ឋ-ឯកជន ព្រមទាំងអនុវត្តការរៀបចំប្រជុំថ្នាក់ជាតិ និងអន្តរជាតិជាក់ស្តែងជាច្រើនទៀតផងដែរ៕