(ព្រៃវែង)៖ បុរសវយ័ចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុខណៈប្រពន្ធកាប់មួយពូថៅចំគល់.ក បណ្ដាលឲ្យស្លាប់នៅលើគ្រែ ព្រោះរយៈពេលកន្លងមកជនរងគ្រោះ តែងតែផឹកស្រាជាប្រចាំ ហើយប្រើអំពើហិង្សាមកលើប្រពន្ធកូន រហូតគំរាមសំលាប់ទាំងពូជទៀតផង ទើបប្រពន្ធដាច់ចិត្តសម្លាប់បែរនេះទៅ ដោយហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១៖០០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ពាក់ពន្ធ័ករណីខាងលើនេះ សម្ថកិច្ចបានឲ្យអ្នកយកពត័មានយើងដឹងថា ជនរងគ្រោះជាប្តីមានឈ្មោះ ហឿន ហ៊ន ភេទប្រុសអាយុ៤៧ឆ្នាំ មានស្រុកកំណើត ភូមិខ្យា ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហើយបានមកយកប្រពន្ធនៅភូមិកើតហេតុ ដែលជាជនសង្ស័យ រយៈពេល២០ឆ្នាំហើយ ឯមុខរបរមិនពិតប្រាកដ តែងតែផឹកស្រាស្រវឹង រករឿងវាយដំធ្វើបាប ប្រពន្ធកូនស្ទើរតែរាល់ថ្ងៃ មិនដែលស្រាកស្រានឡើយ។
ប្រភពដដែលបានឲ្យដឹងថា ស្រ្តីដែលជាជនសង្សយ័ខាងលើមានឈ្មោះ យួន សុភា ភេទស្រី ត្រូវជាប្រពន្ធជនរងគ្រោះ អាយុ៤២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ និងមានកូនក្នុងបន្ទុក២នាក់ ឈ្មោះ ឌុច សុភារ៉ា ភេទស្រីអាយុ១៨ឆ្នាំនៅរៀន និង ឈ្មោះ ឌុច ភីដូល ភេទប្រុស អាយុ១៥ឆ្នាំ នៅរៀន។
ករណីនេះស្ដ្រីជាជនសង្សយ័បានឲ្យដឹងថា គាត់ទ្រាំនិងទង្វើរបស់ប្ដីលែងបាន ទើបសម្រេចចិត្តយកពូថៅ ដែលប្ដីសំលៀងទុកកាប់ប្រពន្ធកូននោះ មកកាប់លើប្តីរបស់ខ្លួន
ចំគល់.ក ខណៈប្ដីដេកលើគ្រែ បណ្តាលឲ្យជនរងគ្រោះ ប្រកាច់ស្លាប់ភ្លាមៗនៅលើគ្រែក្រោមផ្ទះតែម្ដងទៅ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមការសារភាពរបស់ជនសង្ស័យ មូលហេតុដែលបណ្ដាលឲ្យឈាន ដល់កាប់បែបនេះ គឺដោយសារតែជនសង្ស័យខឹងនឹងប្តី ដែលជាជនរងគ្រោះតែងតែផឹកស្រាស្រវឹង មកផ្ទះរករឿងវាយដំប្រពន្ធកូនស្ទើរតែរាល់ថ្ងៃ លុះដល់ថ្ងៃកើតហេតុ ប្រពន្ធទប់ចិត្តមិនបាន ព្រោះប្តីរូបនោះតែងតែសំលៀងពូថៅរាល់ថ្ងៃ ហើយនិយាយថា និងកាប់សម្លាប់ប្រពន្ធកូនចោលទាំង៣នាក់ ហើយរូបគេនឹងរស់ចូលឡានឲ្យស្លាប់ទៅជាមួយដែរ។ លើសពីនេះ ជនរងគ្រោះជាប្ដី កន្លងមកធ្លាប់វាយជនសង្ស័យជាច្រើនដង ធ្លាប់បានទាំងទាញកាំបិត គប់មុតជើងកូនទៀត រួមទាំងធ្វើអំពើឃោឃៅជាច្រើនទៀត ដែលមិនសមជាមនុស្ស និងសមជាឪពុករបស់គេឡើយ។
តាមចម្លើយរបស់ជនសង្ស័យ ដែលទ្រាំរស់ក្នុងទុក្ខវេទនារយៈពេល២០ឆ្នាំ ជាមួយប្តីស្រវឹងខួបរូបនោះ បានឲ្យដឹងទៀតថា នៅយប់កើតហេតុប្ដីរបស់ បានចាក់សោផ្ទះ មិនឲ្យកូនប្រពន្ធទៅណាឡើយ ហើយស្រែកគំរាមថា សម្លាប់ទាំងពូជរួចសម្លាប់ខ្លួនឯងតាមក្រោយ ហេតុនេះហើយទើបជនសង្ស័យ ទាញពូថៅកាប់ប្តីមុន ព្រោះខ្លាចប្តីសម្លាប់កូនៗទាំងពីរនាក់របស់ខ្លួន ហើយសុខចិត្តសម្លាប់ប្តីបែបនេះ។
បន្ទាប់ពីសម្លាប់រួចហើយ ជនសង្ស័យបានទូរស័ព្ទប្រាប់កម្លាំងនគរបាល និងប្រាប់ម្តាយក្មេងផងដែរ នៅរបស់ខ្លួន ហើយសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ
ពិនិត្យកន្លែងកើតហេតុ និងបានឃាត់មខ្លួនជនសង្សយ័រួចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
យ៉ាងណាបើតាមសម្តីរបស់អ្នកស្រុកនៅក្នុងភូមិ បាននិយាយថា ជនរងគ្រោះជាប្តីពិតជាបានធ្វើបាបប្រពន្ធកូន ស្ទើររាល់ថ្ងៃពិតមែន ហើយត្រូវបានប្រពន្ធប្តឹងនគរបាល ស្ទើររាប់មិនឈ្នះផង ហើយប្រសិនបើនៅថ្ងៃនោះ ជនសង្ស័យមិនស្លាប់ជនរងគ្រោះទេ ប្រហែលជាអ្នកដែលស្លាប់នោះច្បាស់ជាកូនៗទាំងពីរនាក់ និងជនសង្ស័យខ្លួនឯងក៏ថាបាន៕