(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦នេះ គឺជាខួបគម្រប់៤១ឆ្នាំ នៃការឡើងកាន់អំណាចរបស់ ខ្មែរក្រហម ដែលជាគ្រោះមហន្តរាយដ៏ធំរបស់ប្រទេសកម្ពុជា កាលពីអតីតកាល តាមរយៈការផ្លាស់ប្តូរពីរបបមួយ ទៅកាន់របបមួយទៀត ដែលបណ្តាលឱ្យពលរដ្ឋកម្ពុជារាប់លាននាក់បានស្លាប់ ដោយសារតែការផ្លាស់ប្តូរនេះ។
ក្នុងថ្ងៃ១៧មេសាឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យ ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាពប្រទេស ឱ្យឋិតឋេរគង់វង្ស កុំឱ្យមានជោគវាសនាដូច ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥។
សម្តេចតេជោ បានអះអាងថា ១៧ មេសា កាលពី៤១ឆ្នាំមុន ពួកខ្មែរក្រហមបានភូតភរប្រជាពលរដ្ឋថា នឹងផ្លាស់ប្តូរប្រទេស ឱ្យទៅរកភាពយុត្តិធម៌ សមធម៌ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព ប៉ុន្តែជាក់ស្តែង ពួកគេបានបង្អត់អាហារ បង្ខំពលរដ្ឋឱ្យធ្វើការ និងបណ្តាលឱ្យពលរដ្ឋរាប់លាននាក់ស្លាប់។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើង នៅលើទំព័រ Facebook នៅរសៀលថ្ងៃទី១៧ ខែមេសានេះថា «ទន្ទឹមនឹងយើងអបអរសាទរសប្បាយរីករាយបុណ្យចូលឆ្នាំថ្មីអស់រយៈពេល៣ថ្ងៃកន្លងមកនេះ ក៏យើងទាំងអស់គ្នានៅចងចាំជានិច្ច ថ្ងៃទី១៧ មេសា ១៩៧៥ នៅពេលដែលខ្មែរក្រហមចូលកាន់កាប់ប្រទេស អស់រយៈពេល៣ឆ្នាំ ៨ខែ ២០ ថ្ងៃ ដែលពួកគេបាននិយាយថា ផ្លាស់ប្តូរប្រទេសទៅរកយុត្តិធម៌ សមធម៌ លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនៈភាពសង្គម។ តែការពិតគឺពួកគេបានបង្អត់អាហារ បង្ខំពលរដ្ឋឱ្យធ្វើការគ្មានពេលសម្រាក និងបានធ្វើឱ្យប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់យ៉ាងវេទនាបំផុត»។
សម្តេចតេជោ បានបន្ថែមទៀតថា «គិតមកទល់ថ្ងៃនេះ គឺមានរយៈពេល ៤១ឆ្នាំគត់ (១៧មេសា ១៩៧៥-១៧ មេសា ២០១៦)។ នៅពេលប្រទេសជាតិ ធ្លាក់ក្នុងរបបប្រល័យពូជសាសន៍នៅពេលនោះ គឺមិនត្រឹមតែគ្មានថ្ងៃអបអររីករាយថ្ងៃចូលឆ្នាំឡើយ គឺសូម្បីតែថ្ងៃទទួលទានអាហារមួយចម្អែត ជាមួយក្រុមគ្រួសារក៏គ្មានដែរ។ សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ គឺត្រូវបានដកចេញទាំងស្រុងដោយរបបនេះ ហើយការផ្លាស់ប្តូរពីសន្តិភាពទៅរកសង្រ្គាមគឺបានបំផ្លាញកម្ពុជា ស្ទើរវិនាសហិនហោច»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាតួអង្គយ៉ាងសំខាន់ ក្នុងការផ្តួលរំលំរបបខ្មែរក្រហម សម្តេចតេជោ បានបន្ថែមទៀតថា «ពេលនេះប្រទេសជាតិយើងមានសុខសន្តិភាព គឺយើងមានឱកាស និងមានអ្វីៗគ្រប់យ៉ាង។ សូមពលរដ្ឋចូលរួមថែរក្សាសន្តិភាព ឱ្យនៅថិតឋេរគង់វង្សដើម្បីប្រទេសជាតិយើង កាន់តែរីកចម្រើនរុងរឿងលឿនទៅមុខ»៕