(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យអាជ្ញាធរជាតិ រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវខិតខំស្វែងរកអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១២,០០០នាក់ ដែលមិនទាន់មកទទួលសេវាព្យាបាល ដើម្បីផ្ដល់សេវាព្យាបាលជូនពួកគាត់ឱ្យបានគ្រប់គ្នាប្រកបដោយសុវត្ថិភាព។

គួរជម្រាបថា នៅទូទាំងប្រទេសកម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគអេដស៍សរុបប្រមាណ៧៥,០០០នាក់ ប៉ុន្តែក្នុងនោះអ្នកដែលមកទទួលសេវាព្យាបាលមានប្រមាណ៦៣,០០០នាក់ ស្មើនឹងអត្រា៨៤% ដោយឡែកនៅសល់១២,០០០នាក់ ឬស្មើនឹង១៦%ទៀត គឺមិនទាន់មកទទួលសេវាព្យាបាលនៅឡើយទេ ដោយហេតុថាពួកគេមានការខ្មាសអៀន ឬមានសម្ពាធវិសមភាពជាដើម ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលព្យាយាមជំរុញឱ្យខិតខំស្វែងរកអ្នកផ្ទុកមេរោគអេដស៍ដែលលាក់មុខទាំងនោះឱ្យបានគ្រប់គ្នា ដើម្បីផ្ដល់សេវាព្យាបាលជូនពួកគាត់។

នៅក្នុងសារលិខិតក្នុងឱកាសប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដែលបានចេញផ្សាយនាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាស្ទើរតែសម្រេចគោលដៅ ៩៥-៩៥-៩៥ ទាំងស្រុងរួចទៅហើយនៅឆ្នាំកន្លងទៅ ទោះបីជាស្ថិតនៅក្នុងបរិបទនៃការគំរាមកំហែងមេរោគកូវីដ១៩យ៉ាងណាក៏ដោយ ក្នុងនោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងដៃគូទាំងអស់បានចូលរួមយ៉ាងសកម្មក្នុងចរន្តជាតិនៃការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ និងជំងឺអេដស៍នេះ។

សម្ដេចតេជោបានជំរុញយ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវខិតខំថែមទៀតក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ដែលបាត់មុខមិនទាន់មកទទួលសេវាព្យាបាល និងក្នុងការបញ្ចៀសកុំឱ្យមានការបោះបង់ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ចំនួនប្រមាណ១២,០០០នាក់»

ជាមួយនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបន្តណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវតែដើរតួនាទីនាំមុខ ជាអ្នកសម្របសម្រួលកម្មវិធីបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយជាដើម។

សារលិខិតរបស់សម្ដេច ហ៊ុន សែន បានបន្តថា ដើម្បីឈានទៅសម្រេចជោគជ័យនៃការបង្ការទប់ស្កាត់ការរីករាលដាលនេះ ស្ថាប័នរដ្ឋទាំងអស់ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ត្រូវតែសហការឱ្យបានជិតស្និទ្ធជាមួយប្រតិបត្តិករ ព្រមទាំងជាមួយសហគមន៍នៃប្រជាជនគន្លឹះទាំងអស់ក្នុងការផ្សព្វផ្សាយសារសុវត្ថិភាពនៃការរួមភេទ ដូចជាការប្រើប្រាស់ស្រោមអនាម័យ កម្មវិធី PrEP ឬ PEP ក៏ដូចជាការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯងជាដើម។ មន្ត្រីជំនាញបានបញ្ជាក់ថា PrEP គឺជាការប្រើថ្នាំបង្ការមុនពេលឆ្លងមេរោគអេដស៍ ចំណែក PEP គឺជាការប្រើថ្នាំនៅពេលដឹងខ្លួនថាអាចឆ្លងមេរោគអេដស៍ក្នុងរយៈពេល៧២ម៉ោងរាប់ចាប់ពីពេលរួមភេទ។

ប្រមុរាជរដ្ឋាភិបាលបានបន្តទៀតថា ក្នុងស្មារតីឈានទៅសម្រេចគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ គោលនយោបាយចម្បងរបស់រាជរដ្ឋាភិបាលផ្តោតលើវិធានការបញ្ចប់វិសមភាព បញ្ចប់អេដស៍ និងបញ្ចប់ជំងឺរាតត្បាត ដោយពង្រីកអត្រាគ្រប់ដណ្តប់សេវាថែទាំព្យាបាល ព្រមទាំងផ្តល់ភាពងាយស្រួលដល់អ្នកផ្ទុកមេរោគអេដស៍ឱ្យមកទទួលទាំងសេវានេះ ទាំងផលប្រយោជន៍នៃកម្មវិធីគាំពារសង្គម ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ទា ផលា អនុប្រធានទទួលបន្ទុកបច្ចេកទេសនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានពន្យល់អំពីគោលដៅបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ យ៉ាងដូច្នេះថា៖

* ៩៥នៅខាងដើម គឺសំដៅលើការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ សម្រេចឱ្យបាន ៩៥% ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍សរុប។ លោកថា នៅប្រទេសកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍សរុបប្រមាណ៧៥,០០០នាក់ ប៉ុន្តែមានតែប្រមាណ៦៣,០០០នាក់ ឬស្មើនឹង៨៤%ប៉ុណ្ណោះ ដែលបានមកធ្វើតេស្តឈាមរកមេរោគអេដស៍ ដូច្នេះនៅសល់១៦%ទៀតមិនបានធ្វើតេស្តឈាមនៅឡើយទេ ដោយពួកគេដឹងខ្លួនថាកើតជំងឺអេដស៍។ ក្នុងអត្រា១៦%នេះ គឺស្មើនឹងប្រមាណ១២,០០០នាក់ (ដូចបង្ហាញនៅខាងលើ)។ ដូច្នេះកម្ពុជាមិនទាន់សម្រេចការរកឃើញអ្នកផ្ទុកមេរោគអេដស៍៩៥%ទេ ពោលគឺសម្រេចបានត្រឹម៨៤%នៅឡើយ។

* ៩៥នៅកណ្ដាល គឺសំដៅលើការផ្ដល់សេវាព្យាបាលជូនអ្នកដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍ សម្រេចឱ្យបាន ៩៥% ក្នុងចំណោមអ្នកដែលបានរកឃើញថាមានផ្ទុកមេរោគអេដស៍សរុប។ លោក ទា ផលា បានពន្យល់ថា នៅប្រទេសកម្ពុជា អ្នកដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគអេដស៍ គឺមានចំនួនប្រមាណ៦៣,០០០នាក់ ក្នុងនោះលទ្ធផលដែលបានផ្ដល់សេវាព្យាបាលជូនពួកគេ គឺសម្រេចបានរហូតដល់១០០%ឯណោះ ពោលគឺលើសផែនការ៩៥%ទៅទៀត។

* ៩៥នៅខាងចុង គឺសំដៅលើការព្យាបាលឱ្យអស់មេរោគពីក្នុងខ្លួនរបស់អ្នកដែលមកទទួលសេវាព្យាបាល សម្រេចឱ្យបាន ៩៥% ក្នុងចំណោមអ្នកដែលមកទទួលសេវាព្យាបាលសរុប។ ក្នុងចំណោមអ្នកដែលទទួលបានការព្យាបាលជំងឺអេដស៍ទាំង៦៣,០០០នាក់នោះ គឺមានប្រមាណ៩៧% ត្រូវបានព្យាបាលរហូតដល់អស់មេរោគពីក្នុងខ្លួន។ ដូច្នេះសម្រាប់៩៥នៅខាងចុងនេះ ក៏ត្រូវបានសម្រេចលទ្ធផលលើសផែនការ៩៥%ផងដែរ។

លោក ទា ផលា បានបញ្ជាក់បន្តថា លទ្ធផល ៨៤-១០០-៩៧ នៃផែនការ ៩៥-៩៥-៩៥ ខាងលើនោះ គឺជាលទ្ធផលសម្រេចបានគិតត្រឹមឆ្នាំ២០២០កន្លងទៅ ខណៈដែលផែនការបានកំណត់នៅឆ្នាំ២០២៥។ ដោយឡែក សម្រាប់អ្នកដែលលាក់មុខមិនទាន់មកធ្វើតេស្តរកមេរោគអេដស៍ទាំង១២,០០០នាក់ទៀតនោះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នឹងសហការជាមួយរដ្ឋបាលថ្នាក់ជាតិ និងក្រោមជាតិ ដើម្បីស្វែងរកពួកគេបន្តទៀត និងផ្ដល់ការព្យាបាលជូនពួកគេឱ្យបានទាន់ពេលវេលា ពោលគឺមិនទុកឱ្យអ្នកជំងឺណាម្នាក់នៅក្រៅការទទួលខុសត្រូវឡើយ។

អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានលើកឡើងអំពីមូលហេតុចម្បងៗ ដែលនាំឱ្យអ្នកផ្ទុកមេរោគអេដស៍ទាំងនោះ លាក់មុខមិនបានមកទទួលសេវាព្យាបាល ក្នុងនោះដោយសារពួកគេមានភាពខ្មាសអៀន ឬមានសម្ពាធវិសមភាព។ លោកបានលើកឧទាហរណ៍ថា ជូនកាលពួកគេជាបុរសដែលរួមភេទជាមួយបុរសដូចគ្នា គាត់ខ្មាសគេ មិនហា៊នមកធ្វើតេស្តឈាម គាត់លាក់ជាមួយគ្រួសារ លាក់ជាមួយពេទ្យ គាត់មិនចង់ឱ្យអ្នកដឹង ការដែលមានភាពអៀនខ្មាសនេះហើយដែលជាវិសមភាព។ ដូច្នេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកទឹកចិត្តឱ្យមូលដ្ឋានសេវាសុខាភិបាល ដូចជា គ្លីនិក មណ្ឌលសុខភាព មន្ទីរពេទ្យជាដើមនោះ ទទួលការព្យាបាលជូនពួកគេដោយមេត្រី ដោយមិនរើសអើង។ ក្រៅពីការដោះស្រាយបញ្ហាវិសមភាពតាមរយៈការលើកទឹកចិត្តបែបនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដក៏បានប្រើមធ្យោបាយឱ្យសាមីខ្លួនធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង។ មធ្យោបាយនេះ គឺសាមីខ្លួនអាចទៅសុំកញ្ចប់ធ្វើតេស្តដោយខ្លួនឯងពីក្រុមការងារនៅតាមមន្ទីរពេទ្យ ហើយអនុវត្តតាមការណែនាំដែលមាននៅក្នុងកញ្ចប់នោះស្រាប់ ហើយនឹងតេស្តដឹងថាវិជ្ជមាន ឬអវិជ្ជមានដូចគ្នា ហើយប្រសិនបើវិជ្ជមាន សាមីខ្លួនអាចទៅបញ្ជាក់បន្ថែមនៅតាមមូលដ្ឋានសុខាភិបាលដែលនៅជិតបាន។ មធ្យោបាយនេះគឺអាចរក្សាការសម្ងាត់ដោយខ្លួនឯងបាន។

លោក ទា ផលា បានបន្តទៀតថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកទឹកចិត្តដល់គ្រប់ផ្នែកនៃក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ មិនឱ្យមានការរើសអើងលើក្រុមប្រជាជនគន្លឹះ ដូចជា ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើសេវាកម្សាន្តសប្បាយនោះឡើយ ពោលគឺមានតែការលើកទឹកចិត្តបន្ថែម ដើម្បីឱ្យពួកគាត់មកធ្វើតេស្ត និងទទួលសេវាព្យាបាលជំងឺអេដស៍ឱ្យបានគ្រប់គ្នា៕