លោក ឃឹម ប៊ុនសុង៖ ភ្ញៀវទេសចរជាង១លាននាក់ ទៅទស្សនាខេត្តសៀមរាប អំឡុងបុណ្យចូលឆ្នាំខ្មែរ
17-04-2016 11:31
(ភ្នំពេញ)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានថ្លែងប្រាប់ Fresh News ឱ្យដឹងថា អំឡុងបុណ្យចូលឆ្នាំខ្មែរពីថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ១,៣ ទៅ១,៤លាននាក់ ទៅកម្សាន្តនៅខេត្តសៀមរាប។
លោកអភិបាលខេត្តរូបនេះ បានអះអាងថា ភ្ញៀវទេសចរភាគច្រើន បានទៅចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលជាព្រឹត្តិការដ៏អស្ចារ្យមួយ សម្រាប់អបអរសាទរដល់បុណ្យចូលឆ្នាំខ្មែរ និងបានចូលរួមទស្សនានៅតាមរមនីយដ្ឋាននានា នៅក្នុងខេត្តសៀមរាប។
សូមជំរាបថា នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ លោក ឃឹម ប៊ុនសុង ក្នុងនាមអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នៅក្នុងតំបន់អង្គរឃ្យុងយូ ហើយលោក បានថ្លែងអំណរគុណភ្ញៀវទាំងអស់ ដែលបានចូល ទៅកាន់ខេត្តសៀមរាប៕