(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ ក្រសួងទេសចរណ៍ក៏បានចេញលិខិតណែនាំការងារចាំបាច់មួយចំនួនដល់រដ្ឋបាលរាជធានី-ខេត្ត មុននឹងអនុញ្ញាតឱ្យបើកខារ៉ាអូខេ ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញនោះ។

គួរជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ បន្ទាប់ពីបានផ្អាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។

បើតាមលិខិតដែលក្រសួងទេសចរណ៍ផ្ញើជូនអភិបាលរាជធានី-ខេត្ត ហើយដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រសួងបានធ្វើការណែនាំនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

១៖ មុននឹងបើក រដ្ឋបាលរាជធានី-ខេត្តត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិរបស់មូលដ្ឋានអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ និងតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីរបស់ក្រសួងទេសចរណ៍ លើមូលដ្ឋាននៃគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

២៖ ក្នុងដំណើរការអនុវត្ត ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្តបានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានី-ខេត្តត្រូវចាត់វិធានការ ស្របតាមខ្លឹមសារលិខិតលេខ ៤៥៦ លស.អគឧ. ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ឱ្យបានម៉ឺងម៉ាត់៕

ខាងក្រោមជាលិខិតរបស់ក្រសួងទេសចរណ៍ដែលផ្ញើជូនអភិបាលរាជធានី-ខេត្តអំពីការអនុញ្ញាតឱ្យបើកដំណើការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ៖