(ព្រសីហនុ)៖ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ ដែលជាមហាសន្និបាតលើកទី៧ ខណៈនេះជាលើកទី១ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត​សមុទ្រអាស៊ីបូព៌ាលើកទី៧ ហើយកម្ពុជាបានជ្រើសរើសយកខេត្តព្រះសីហនុជាទីកន្លែង ដើម្បីប្រារព្ធមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១។

មហាសន្និបាតសមុទ្រឆ្នាំនេះធ្វើឡើង ក្នុងគោលបំណងសំខាន់ៗរួមមាន៖

ទី១៖ ចែករំលែកមេរៀនជាបទពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែលបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ទី២៖ បង្កើតនិងរៀបចំឡើងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បីបន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ

ទី៣៖ កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយអនុលោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ (The UN Decade of Ocean Science, The 2030 Agenda for SD, UNFCCC, The Post-2020 Global Biodiversity Framework) ព្រមទាំងបណ្តាក្របខ័ណ្ឌពាក់ព័ន្ធនានា។

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នេះដែលរួមមានកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រីគឺជាមហាសន្និបាតលើកទី៧ ហើយបន្ទាប់ពីបានរៀបចំជាលើកទី១ នៅឆ្នាំ២០០៣ នៅប្រទេសម៉ាឡេស៊ី។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា៕