Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អបអរសាទរ កីឡាការិនី ស៊ន សៀងម៉ី ដែលបានឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិក

16-04-2016 19:46

(ភ្នំពេញ)៖ ភ្លាមៗបន្ទាប់ពីទទួលបានជ័យជំនះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ ចំពោះជ័យជម្នះរបស់កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលទើបដណ្ដើមបានមេដាយមាស ពីការប្រកួតជម្រុះកីឡាអូឡាំពិក នៅហ្វីលីពីន ដែលទើបបញ្ចប់នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦នេះ ហើយក៏ទទួលបានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការ នៅទីក្រុង Rio ប្រទេសប្រេស៊ីល នាដើមខែសីហាខាងមុខផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរកញ្ញា ស៊ន សៀវម៉ី តាមរយៈ Facebook ផ្លូវការរបស់សម្ដេចថា «ខ្ញុំសូមអបអរសាទរ កីឡាការិនី ស៊ន សៀវម៉ី ដែលបានឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិក នៅប្រទេសហ្វីលីពីនៅថ្ងៃនេះ ហើយបន្ទាប់មកនឹងត្រូវទៅប្រកួតជុំបន្ទាប់ នៅកីឡាអូឡាំពិករដូវក្ដៅនៅទីក្រុង Rio ប្រទេសប្រេស៊ីល នាដើមខែសីហា ២០១៦ខាងមុខនេះ។ ខ្ញុំសូមលើកទឹកចិត្តនិងគាំទ្រកីឡាការិនី ស៊ន សៀវម៉ី ក្នុងការខិតខំប្រឹងប្រែងប្រកួតលើឆាកអន្តរជាតិ ដើម្បីជោគជ័យថ្មីៗថែមទៀតសម្រាប់ប្រទេសជាតិយើង»

នេះគឺជាការយកចិត្តទុកដាក់ដ៏ពិសេសមួយ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសគឺសម្ដេចតេជោ ហ៊ុន សែន ដែលតែងតែលើកទឹកចិត្ត កីឡាករ-កីឡាការិនីកម្ពុជា និងចូលរួមលើកស្ទួយវិស័យកីឡាជាតិ ធ្វើឲ្យអត្តពលិកមានទឹកចិត្តប្រកួតប្រជែងស្វែងរកជ័យលាភីជូនជាតិ។ ជាក់ស្ដែងថ្ងៃនេះកញ្ញា ស៊ន សៀវម៉ី បានឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិក ប្រចាំតំបន់អាស៊ីយ៉ាងងាយ ដោយយកឈ្នះ ២ប្រកួតជាប់គ្នា លើកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន និងកីឡាការិនីមកពីប្រទេសគៀសហ្គីសគីស្ថាន ដើម្បីឈ្នះមេដាយមាស និងសិទ្ធិចូលរួមប្រកួត កីឡាអូឡាំពិកជុំផ្ដាច់ព្រ័ត្រ នៅប្រទេសប្រេស៊ីលតែម្ដង៕