(តូក្យូ)៖ លោក Yoshihide Suga អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនបានថ្លែងនៅមុនបន្តិចថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះធម្មជាតិ រញ្ជួយដីនៅជប៉ុន បានកើនឡើងដល់២៩នាក់ និងរបួសជាង១,៥០០នាក់ ដោយក្នុងនោះ ៨០នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងអការៈធ្ងន់ធ្ងរខ្លាំង។ នេះបើតាមការចេញផ្សាយដោយ Dailymail របស់អង់គ្លេសនៅមុននេះបន្តិច នារសៀលថ្ងៃសៅរ៍ ទី១៦ ខែមេសា ឆ្នាំ២០១៦។
គ្រោះរញ្ជួយដីបានកើតឡើងចំនួនពីរដងក្នុងសប្តាហ៍នេះ នៅប្រជុំកោះ Kyusu ភាគនិរតីជប៉ុន ដែលលើកទីមួយបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ បណ្តាលឲ្យមនុស្ស០៩នាក់ស្លាប់ និងជាង១០០នាក់រងរបួស ហើយវាមានកម្រិតតែ៦,២រ៉ិចទ័រប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កាលពីព្រឹកមិញនេះ គ្រោះរញ្ជួយដីម្តងទៀត វាមានកម្រិតរហូតដល់ ៧,៣រ៉ិចទ័រ ដែលបានបង្កមហន្តរាយកាន់តែខ្លាំងជាង មុនថែមទៀត។
មនុស្សជាង២០,០០០នាក់ ត្រូវបានអាជ្ញាធរជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ស្របពេលដែលចំនួនមនុស្សស្លាប់ អាចនឹងកើនឡើងច្រើនជាងនេះទៀត។ ដោយឡែក ហេដ្ឋារចនាសម្ព័ន្ធជារួម និងលំនៅដ្ឋានរាប់ពាន់ខ្នងផងដែរ បានខូចខាតស្ទើរទាំងស្រុង៕