(ពិភពលោក)៖ យោតាមគេហទំព័រ FowNews បានឲ្យដឹងថា នៅពេលធ្វើដំណើរទៅក្រៅប្រទេសម្ដងៗ ភាគច្រើនអ្នកប្រហែលជាពុំធ្លាប់គិតទេ អំពីសុវត្ថិភាពនៃផ្លូវ ដែលអ្នកត្រូវធ្វើដំណើរទៅបណ្ដាលប្រទេសទាំងនោះ។ ហេតុដូចនេះ អ្នកមិនគួរធ្វេសប្រហែសមិនគិតអំពីបញ្ហាទាំងនេះទេ ព្រោះបើតាមការសិក្សាស្រាវជ្រាវរបស់លោក Michael Sivak ដែលគាត់ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ និងវិទ្យាស្ថានស្រាវជ្រាវការដឹកជញ្ជូននៅរដ្ឋ Michigan ស្ថិតក្នុងសហរដ្ឋអាមេរិក បានបញ្ជាប់ប្រាប់ថា «យ៉ាងហោចណាស់ជាមធ្យម ក៏មានមនុស្សចំនួន ១៨នាក់នៅក្នុងពិភពលោក ត្រូវបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។ ប៉ុន្តែនៅក្នុងនោះ ក៏មានប្រទេសមួយចំនួនទៀត ដែលមានអត្រានៃអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ លើសពីចំនួនទាំងនេះទ្វេដង។
ខាងក្រោមនេះ ជាប្រទេសដែលឧស្សាហ៏កើតមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៖
១. ប្រទេស Namibia៖ ជាប្រទេសមួយ ដែលមានអត្រាខ្ពស់បំផុតនៃអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិភពលោក ព្រោះក្នុងមួយឆ្នាំ ផ្លូវបើកបរនៅក្នុងប្រទេសនេះ បានសម្លាប់ជីវតមនុស្សរហូតដល់៤៥នាក់ ក្នុងចំណោមប្រជាពលរដ្ឋ ១០ម៉ឺននាក់។
២. ប្រទេសថៃ៖ ការបើកបរនៅក្នុងប្រទេសនេះ មានការលំបាក និងគ្រោះថ្នាក់ ដោយសារការធ្វើចរាចរណ៍ នៅលើដងផ្លូវនៅក្នុងទីក្រុងមានភាពមមាញឹកយ៉ាងខ្លាំង ដែលក្នុងមួយឆ្នាំៗ បានធ្វើឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤៤ នាក់ក្នុងចំណោម ១០ម៉ឺន នាក់។
៣. ប្រទេសអ៊ីរ៉ង់៖ ការបើកបរនៅតាមដងផ្លូវនៅក្នុងប្រទេសនេះ ពិតជាមានភាពគ្រោះថ្នាក់ជាខ្លាំង។ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ អាចមានមនុស្សយ៉ាងហោចណាស់ ៣៨ នាក់ ត្រូវបានបាត់បង់ជីវិតទៅហើយ ក្នុងមួយឆ្នាំៗ។
៤. ប្រទេសស៊ូដង់៖ ត្រូវបានគេចាត់ថា ជាប្រទេសមួយដែលមានផ្លូវធ្វើដំណើរដ៏គ្រោះថ្នាក់បំផុតនៅក្នុងពិភពលោក ដែលក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៦ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។
៥. ប្រទេស Swaziland ៖ជាប្រទេសដែលមានអត្រាខ្ពស់បំផុតនៃអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងពិភពលោក ព្រោះផ្លូវនៅក្នុងប្រទេសនេះ ពុំមានភ្លើងចរាចរណ៍គ្រប់គ្រាន់ និងពុំសូវមានអ្នកគោរពច្បាប់ចរាចរណ៍ ព្រមទាំងឧស្សាហ៏មានសត្វឆ្លងកាត់ទៀតផង។ ក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៦ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។
៦. ប្រទេស Venezuela៖ ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ដ៏ច្រើនបំផុតនៅក្នុងពិភពលោក ដោយសារភាគច្រើននៃផ្លូវនៃប្រទេសនេះ ជាផ្លូវពុំសូវមានការអភិវឌ្ឍ និងឧស្សាហ៍កើតមានឧក្រិដ្ឋកម្ម។ ក្នុងមួយឆ្នាំៗ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ យ៉ាងហោចណាស់ចំនួន ៣៥ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។
៧. ប្រទេស Congo៖ ជាប្រទេសដែលមានគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុត នៅក្នុងពិភពលោក ដោយសារបទដ្ឋាន នៃការបើកបរក្នុងប្រទេសនៅមានកំរិត និងឧស្សាហ៏មានការបិទផ្លូវ ជាញឹកញាប់ពីពួកយោធា។ ក្នុងមួយឆ្នាំៗ ប្រទេសនេះ មានមនុស្សស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ យ៉ាងហោចណាស់ចំនួន ៣៤ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់។
៨. ប្រទេសម៉ាឡាវី៖ ក្នុងមួយឆ្នាំៗ ប្រទេសនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺនាក់ ព្រោះផ្លូវនៅក្នុងប្រទេស មានលក្ខណៈលំបាក និងមានសត្វដើរឆ្លងកាត់ ព្រមទាំងពេលយប់ពុំមានពន្លឺបំភ្លឺផ្លូវនោះទេ។
៩. សាធារណរដ្ឋ Dominican៖ ដោយសារផ្លូវនៅក្នុងប្រទេសនេះ មានលក្ខណៈពុំសូវល្អ និងអ្នកបើកបរមិនសូវជាគោរពច្បាប់ចរាចរណ៍ប៉ុន្មានទេ ទើបធ្វើឲ្យមានចំនួនអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍យ៉ាងច្រើន។ ក្នុងនោះដែរ មានមនុស្សចំនួន ៣២នាក់ត្រូវបានបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ក្នុងមួយឆ្នាំៗ។
១០. ប្រទេសអីរ៉ាក់៖ ប្រទេសនេះក៏ត្រូវបានគេចាត់ទុកថា ជាប្រទេសដែលសម្បូរគ្រោះថ្នាក់ចរាចរណ៏ផងដែរ ដោយសារក្នុមួយឆ្នាំៗ ប្រទេសនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣២ នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់៕