(ភ្នំពេញ)៖ ស្ដេចអុកចត្រង្គ ប្រចាំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦ បានរកឃើញហើយ គឺបានទៅកីឡាករ ហូយ សុខណា មកពីខេត្តក្រចេះ ក្រោយយកឈ្នះកីឡាករ សេង សុធា មកពីរាជធានីភ្នំពេញ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដែលទើបបញ្ចប់នៅព្រឹកថ្ងៃទី១៦ ខែមេសា ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ឆ្នាំ២០១៦នេះ។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រស្វែងរកស្ដេចអុកចត្រង្គនាព្រឹកនេះ គឺបានឆ្លងកាត់ការប្រកួតរហូតដល់ ៣លើកឯណោះ ក្នុងនោះលើកទី១ កីឡាករ សេង សុធា ជាអ្នកឈ្នះ ប៉ុន្ដែការប្រកួតលើកទី២ និងលើកទី៣ គឺកីឡាករ ហូយ សុខណា បានវាយបកយកឈ្នះជាប់ៗគ្នាវិញ ជាហេតុនាំឲ្យកីឡាករមានស្រុកកំណើតនៅខេត្តក្រចេះរូបនេះ បានក្លាយជាស្ដេចអុក ជំនួសអតីតស្ដេចអុក ២ជំនាន់ ឈាវ បូរ៉ា ដែលធ្លាប់ត្រឹមវគ្គជម្រុះ ១៦ចុងក្រោយក្នុងរដូវកាលថ្មីនេះតែម្ដង។

ជាមួយនឹងជ័យជម្នះនេះដែរ គណៈកម្មការរៀបចំការប្រកួត ដែលសម្របសម្រួលដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានរៀបចំប្រាក់រង្វាន់លើកទឹកចិត្តផងដែរក្នុងនោះលេខ១ កីឡាករ ហូយ សុខណា ទទួលបានប្រាក់រង្វាន់ ១២លានរៀល, លេខ២ កីឡាករ ទទួលបាន ៨លានរៀល និងលេខ៣ កីឡាករ នូ ច័ន្ធផានិត ទទួលបានប្រាក់រង្វាន់ ៤លានរៀល។

ប៉ុន្ដែអ្វីដែលរឹតកាន់តែពិសេសនោះ គឺដើម្បីលើកទឹកចិត្ត ចំពោះការខិតខំរបស់កីឡាករម្នាក់ៗ ដែលប្រឹងប្រែងប្រកួតប្រជែងពីវគ្គជម្រុះ ដល់វគ្គផ្ដាច់ព្រ័ត្រ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្ដល់ប្រាក់រង្វាន់ទឹកចិត្តបន្ថែម លេខ១ ទទួលបាន ២០លានរៀល, លេខ២ ទទួលបាន ១២លានរៀល, លេខ៣ ទទួលបាន ៨លានរៀល និងលេខ៤ ទទួលបាន ៤លានរៀល ។ រីឯអ្នកទទួលបានចំណាត់ថ្នាក់ពីលេខ៥ ដល់លេខ៨ ទទួលបានម្នាក់ៗ ២លានរៀលផងដែរ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតអុកចត្រង្គ អង្គរសង្ក្រាន្ដ ឆ្នាំ២០១៦នេះ គឺមានបេក្ខជនចូលរួមសរុប ១២៨នាក់ ដែលធ្វើការប្រកួតជម្រុះនៅទីស្នាក់ការ NOCC កាលពីថ្ងៃទី០៥-០៨ ខែមេសាកន្លងទៅ ដើម្បីជ្រើសយកកីឡាករឆ្នើម ៨នាក់ឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។

ជាលទ្ធផលកីឡាករ ហូយ សុខណា បានក្លាយជាស្ដេចអុក លើកដំបូង ក្នុងចំណោមការរៀបចំ ៣លើក ខណៈ ២លើកន្លងទៅ ពោលគឺនៅឆ្នាំ២០១៤ និងឆ្នាំ២០១៥ គឺគ្រងតំណែងស្ដេចអុកដោយកីឡាករ ឈាវ បូរ៉ា ប៉ុន្ដែឆ្នាំនេះរូបគេ បានធ្លាក់តាំងពីវគ្គជម្រុះ ១៦ចុងក្រោយម្លេះ៕