(ព្រះសីហនុ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ លោកនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញមកសាកសួរសុខទុក្ខ កងកំលាំងនគរបាលអន្តោប្រវេសន៍ ដែលមានទីតាំងឈរជើងក្នុងខេត្តព្រះសីហនុ គឺអង្គភាពប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ កំពង់ផែស្ទឹងហាវ កំពង់ផែឧកញ៉ា ម៉ុង កែវផុស ការិយាល័យនគរបាល អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ខេត្តកំពត ព្រមទាំងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំនៅច្រកទ្វារក្អមសំណរក្នុងខេត្តកណ្តាល និងប៉ុស្តិ៍ច្រកទ្វារភ្នំដិនក្នុងខេត្តតាកែវផងដែរ។ ដោយពិធីនេះប្រារព្វរួមគ្នានៅប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ ខេត្តព្រះសីហនុ ផ្ទាល់តែម្តង។
លោកនាយឧត្តមសេនីយ៍ សុខ ផល ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្នុងនាមលោកផ្ទាល់ បានថ្លែងការសាកសួរសុខទុក្ខ ព្រមទាំងការកោតសសើរ និងវាយតំលៃខ្ពស់ចំពោះកងកំលាំងទាំងអស់ បើទោះបីជាថ្ងៃចូលឆ្នាំ ត្រូវឈប់សំរាកទៅជួបជុំគ្រួសារក៏ពិតមែន ក៏ប៉ុន្តែកងកំលាំងទាំងអស់បានលះបង់ខ្ពស់ដោយប្រចាំការនៅនឹងកន្លែង ដោយមិនបានឈប់សំរាកទៅជួបជុំពុកម៉ែបងប្អូន ដូចបងប្អូនប្រជាពលរដ្ឋដទៃទៀតឡើយ។ លោកនាយឧត្តមសេនីយ៍ សុខ ផល ក្នុងឱកាសនោះ ក៏បានឧបត្ថម្ភ ម្ហូបអាហារគ្រឿងឧបភោគបរិភោគ និងថវិការមួយអង្គភាពចំនួន ៧លានរៀលផងដែរ៕