(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសមាជិក សមាជិកាទាំងអស់ នៅយប់ថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានថ្វាយសារលិខិតថ្វាយព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រី ចូលរួមរំឡែកព្រះមរណទុក្ខយ៉ាងក្រៀមក្រំ ចំពោះការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទូលថ្វាយក្នុងសារលិខិតរំលែកព្រះមរណទុក្ខថា សម្តេច និងសមាជិក សមាជិកាទាំងអស់ មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាក្រោយដំណឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គត។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសមាជិក សមាជិកាកាកបាទក្រហមកម្ពុជាទាំងអស់ សូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រី ជាព្រះជាយា និងព្រះរាជបុត្រា បុត្រី ព្រមទាំងរាជវង្សានុវង្សប្រកបដោយអនិច្ចលក្ខណធម៌ សង្វេគសោកស្តាយស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរំលេចថា ការយាងសោយទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះរាជហឫទ័យ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយព្រះឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសមាជិក សមាជិកាកាកបាទក្រហមកម្ពុជាទាំងអស់ សូមលំឱនកាយវាចាចិត្ត ឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយោនយកកំណើតក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់បានសោយទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ប្រសូតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤៤ នៅក្រុងភ្នំពេញ។ ទ្រង់ជាបុត្រាច្បងរបស់ព្រះបាទ នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល។ សម្តេចក្រុមព្រះធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីទី១ នៅក្នុងអាណត្តិទី១ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៧៕