(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស ៣៤នាក់ បានស្លាប់ និង១៥៣នាក់ផ្សេងទៀតរងរបួស ក្នុងនោះរបួសធ្ងន់៩៧នាក់ និងរបួសស្រាល៥៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកម្ពុជា នៅរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ ខែមេសា ឆ្នាំ២០១៦ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
របាយការណ៍បង្ហាញទៀតថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំនេះ មានចំំនួន៧៣លើក ហើយមូលហេតុដែលនាំឲ្យមាន គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន ដោយសារបើកបរក្នុងល្បឿនលឿន ស្រវឹង មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្ត។ ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តព្រៃវែង ៨លើក ស្លាប់៨នាក់, ខេត្តកណ្តាល ៦លើកស្លាប់៥នាក់, ខេត្តកំពង់ចាម ៦លើក ស្លាប់៤នាក់, ខេត្តកំពង់ឆ្នាំ ២លើកស្លាប់៣នាក់, ខេត្តកំពង់ស្ពឺ ៥លើក ស្លាប់២នាក់ និងខេត្តមួយចំនួនទៀត។
ដោយឡែកក្នុងថ្ងៃទី១៥ ខែមេសាម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសសរុបចំនួន ២៨លើក (យប់១១លើក) ស្លាប់មនុស្ស១៥នាក់ របួសធ្ងន់៤០នាក់ និងរបួសស្រាល១៦នាក់ ខូចខាតម៉ូតូ ៣៩គ្រឿង រថយន្តតូច១១គ្រឿង រថយន្តធំ១គ្រឿង និងយានជំនិះផ្សេងៗ ១គ្រឿង៕