(ក្រចេ)៖ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០២១នេះ បានអញ្ជើញកាត់វិញ្ញាសារបានបើកការប្រឡងជ្រើសរើសមន្រ្តីចូល បម្រើការងារក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ នៅទូទាំងខេត្ត ទៅលើផ្នែកមន្រ្តីរដ្ឋបាលជាន់ខ្ពស់ និងមន្ត្រីក្រមការ ដែលបានរៀបចំឡើងនៅទីតាំងមណ្ឌលប្រឡងវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ។

លោក ប៉ែន លីណាត បានឱ្យដឹងថា បេក្ខជនដែលបានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងអនុញ្ញាតឱ្យប្រឡងមានចំនួន ៥៧ នាក់ ស្រី២៥នាក់ ប្រឡងក្របខណ្ឌ មន្រ្តីរដ្ឋបាលជាន់ខ្ពស់ចំនួន ២២នាក់ ស្រី ០៧នាក់ និងមន្ត្រីក្រមការ ចំនួន៣៥នាក់ ស្រី ១៨នាក់។

លោកបន្តថា ការប្រឡងមានរយៈ២ម៉ោង ទៅលើវិញ្ញាសារដូចជា៖ ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ មានជំណាញឯកទេស កំណែទម្រង់រដ្ឋបាល សាធារណៈ កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការនៅកម្ពុជា និងភាសាអង់គ្លេស។ មន្រ្តីក្រមការមានជំនាញឯកទេសកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា និងភាសាអង់គ្លេស។

ការប្រឡងជ្រើសរើសទាំង២ផ្នែកនេះ គឺក្រសួងមហាផ្ទៃបានកំណត់យក២នាក់ ក្នុង១ផ្នែក ហើយលក្ខខណ្ឌនៃការអនុវត្តវិធានការសុខាភិបាល នៅពេលប្រឡង បេក្ខជនត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់ដូចជា៖ សលាកបត្រឯកជន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត និងជាពិសេសគឺប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។

លោក ប៉ែន លីណាត ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងពីរភេទ ត្រូវខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់នៅក្នុងពេលប្រឡង ហើយត្រូវបញ្ចេញឲ្យអស់នូវសមត្ថភាពរបស់ខ្លួន នូវចំណេះដឹងដែលបានសិក្សាកន្លងមក ព្រមទាំងត្រូវគោរពឲ្យបានល្អនូវបទបញ្ជា អង្គការវិន័យក្នុងពេលប្រឡង និងស្តាប់នូវការណែនាំរបស់គណៈមេប្រយោគ ឲ្យបានខ្ជាប់ខ្ជួន៕