(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយមេបញ្ជាការរង និងមេបញ្ជាការខេត្តពាក់ព័ន្ធនៅជុំវិញបឹងទន្លេសាប ក្រោយមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យចុះបង្ក្រាបបទល្មើសការកាប់បំផ្លាញព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប ជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ បានធ្វើឡើងភ្លាមៗ តាមប្រព័ន្ធ Video Conference ដោយមានការចូលរួមពីមេបញ្ជាការរងអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការអាវុធហត្ថខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល និងខេត្តកំពង់ចាម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អនាធិបតេយ្យបែបនេះ មិនអាចទទួលយកបានទេ ក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬមន្រ្តីដទៃទៀត ដែលចូលទៅពាក់ព័ន្ធដើម្បបង្កើតជាស្ថានកាប់រានទន្ទ្រាន យកដីធ្លីនៅទីនោះប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចទទួលយកបានទេនូវការកាប់រានទន្ទ្រានដីព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង ដូច្នេះដើម្បីការពារបឹងទន្លេសាបរបស់យើងដែលកំពុងរងគ្រោះស្រាប់ដោយការគោករាក់ និងការបាត់បង់ព្រៃឈើដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យ ទៅហើយនោះចាំបាច់មានវិធានការ»

ក្រៅពីបញ្ជាទៅកាន់ថ្នាក់ខេត្ត សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាទៅកាន់ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសូរិយោដីថ្នាក់ជាតិ ឱ្យដឹកនាំការប្រជុំជាបន្ទាន់ ជាមួយក្រសួងពាក់ព័ន្ធ ក្នុងនោះមានក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងផ្នែកពាក់ព័ន្ធនានា រួមទាំងផ្នែកអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ហើយនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីបែងចែកភារកិច្ចគ្នាដើម្បីធ្វើការចុះត្រួតពិនិត្យរួម ដើរពីក្រោយនៃការងាររបស់ខេត្ត។

សម្រាប់នាយឧត្តមសេនីយ៍ សៅ សុខា សម្តេចតេជោ បានបញ្ជាឲ្យប្រើប្រាស់កម្លាំងថ្មើរជើង ទាំងជើងទឹក និងឧទ្ធម្ភាគចក្រ ត្រួតពិនិត្យជាបន្ទាន់ដោយបារម្ភក្រែងទឹកស្រក អាចនឹងមានការដាំដុះនៅលើដីបឹងទន្លេសាប ដែលមានការទន្ទ្រាននោះ ហើយអនុញ្ញាតឲ្យចេញមុនគេ។

សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់នាយឧត្តមសេនីយ៍ សៅ សុខា យ៉ាងដូច្នេះថា «នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវតែធ្វើសកម្មភាពជាបន្ទាន់ ដឹកនាំកម្លាំងដើម្បីធ្វើការដោះស្រាយបញ្ហានេះ ដោយប្រើប្រាស់ ទាំងកម្លាំងថ្មើជើងទាំងជើងទឹក និងប្រើប្រាស់ឧទ្ធម្ភាគចក្រ ត្រួតពិនិត្យជាបន្ទាន់ទៅលើប្រតិបត្តិការរក្សាតំបន់ព្រៃលិចទឹកនេះ...»

ជាមួយគ្នានេះ សម្តេចបានស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំកម្លាំងដើម្បីចុះស្រាវជ្រាវរកមន្រ្តីណាខ្លះ ដែលមានការពាក់ព័ន្ធជាមួយនឹងការកាប់ទន្ទ្រានយកដីបឹងទន្លេសាបនេះ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីកាត់ទោសទាំងអស់។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមន្រ្តីខិលខូចដែលពាក់ព័ន្ធនឹងការកាប់ទន្ទាននៅបឹងទន្លេសាបហើយចង់បានការរបន្ធូរបន្ថយទោស ត្រូវចូលសារភាពទោសកំហុសជាបន្ទាន់ ក្នុងករណីដែលមិនចេញសារភាពជាបន្ទាន់ទេសម្តេចបញ្ជាឱ្យក្រុមដែលចេញទៅអនុវត្តធ្វើការចាប់ខ្លួនតែម្តង សម្រាប់ផ្តន្ទាទោសតាមច្បាប់ហើយឈានទៅរឹបអូស មិនត្រឹមតែដីធ្លីនៅហ្នឹងកន្លែងទេ ទ្រព្យសម្បត្តិដែលគេទទួលបានពីបទល្មើសនេះនឹងត្រូវរឹបអូស។

«អ្នកទាំងនេះ មិនសមធ្វើជាមន្រ្តីទៀតទេពួកគេដេកគុកប្រសើរជាធ្វើជាមន្រ្តី ហើយសូមកុំនិយាយថា ធ្វើការជូនបក្សជូនរដ្ឋយូហើយ បែរជារដ្ឋ និងគណបក្សមិនយោគយល់ យើងគ្មានការយោគយល់ណាសម្រាប់អំពើទុច្ចរិតបែបនេះ សម្រាប់មន្រ្តីរបស់យើងនោះទេ»

សម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានខកខ្លួនឃើញអ្នកធំទៅធ្វើហើយប្រជាជនទៅធ្វើតាមក្រោយ សូមប្រញាប់ប្រញាលចាកចេញជាបន្ទាន់ ឱ្យផុតពីទីនោះបើមិនដូច្នោះនឹងមានការចាប់ខ្លួន៕