(ស្ទឹងត្រែង)៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងជាប្រធានក្រុមការងារចុះជួយឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយកសម្លៀកបំពាក់ឧបត្ថម្ភដល់កម្លាំងប្រជាការពារ ចំនួន៣០នាក់ ដោយម្នាក់ទទួលបានខោអាវមួយសម្រាប់ និងមួកមួយ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ក៏បានឧបត្ថម្ភចំនួន១លានរៀល ដល់ប្រជាការពារម្នាក់ដែលត្រូវភ្លើងឆេះផ្ទះ ឈ្មោះ សុខ សឿន អាយុ៥០ឆ្នាំ និងប្រពន្ធឈ្មោះ កែន សុខន អាយុ៣៩ឆ្នាំ រស់នៅភូមិអន្លុងក្រមួន ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានក្រើនរំលឹក និងណែនាំដល់កម្លាំងប្រជាការពារទាំងអស់ ក្រៅពីការចូលរួមថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវតែបន្ដថែរក្សាសុខភាព ពិសេសអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការការពារ វិធានការ៣ការពារ និង៣កុំ ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩៕