(ភ្នំពេញ)៖ លោក ឯក ប៉ូលីហ្វីល ចៅក្រមស៊ើបសួ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសដែលជេរប្រមាថសមត្ថកិច្ចដាក់ពន្ធនាគារ។

សម្រាប់ជនម្នាក់នេះ ត្រូវបានលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ត្រូវបានចោទប្រកាន់ពីបទ «បើកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក បទ រារាំង ឬប្រើប្រាស់មធ្យោបាយណាមួយដើម្បីជាឧបសគ្គដល់ចរាចរសាធារណៈ បទហិង្សាដោយចេតនា បទប្រមាថ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមមាត្រា៧៦ និងមាត្រា៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា២១៧ មាត្រា៥០២ និងមាត្រា៥០៣ នៃក្រមព្រហ្មទណ្ឌ»

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ជនបង្កឈ្មោះ យឹង វណ្ណដា អាយុ២៧ឆ្នាំ មុខរបរជាសន្តិសុខឯកជន ត្រូវបានសមត្ថកិច្ច នៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនក្រោយមានបទបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ។

ជនបង្ករូបនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅវេលាម៉ោងជាង១ថ្ងៃត្រង់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅស្ដុបផ្សារដើមគរ ស្ថិតក្នុងខណ្ឌទួលគោក ពេលជននេះកំពុងធ្វើដំណើរតាមដងផ្លូវ៕