(បឹងចារ-សំបូរ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយសហការីបានចុះទៅជួបសំណេះសំណាលជាមួយមន្ត្រីមូលដ្ឋាន និងតំណាងប្រជាជនរស់នៅលើកោះត្នោត ក្នុងឃុំបឹងចារ ដើម្បីពិនិត្យវឌ្ឍនភាពជំហានការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ និងឆ្លៀតស្វែងយល់កង្វល់ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅតំបន់កោះនៃទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរ ខេត្តក្រចេះ។

ជំនួបសំណេះសំណាលនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណអនុវិទ្យាល័យបឹងចារ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់លោកស្រីអ្នកតំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ លោកប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលខេត្ត លោកស្រី អស់លោកជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារស្រុក មេឃុំបឹងចារ មេភូមិចំណុះទាំង៧ រួមទាំងមន្ត្រីមូលដ្ឋានជាច្រើនរូបទៀត សរុបអ្នកចូលរួមមានចំនួន២៣០នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍របស់លោក ហ៊ុល សឿង មេឃុំបឹងចារពីសភាពការណ៍ទូទៅ និងស្ថានភាពជាក់ស្ដែងនៃជីវភាពរស់នៅរបស់ប្រជាជន និងការចូលរួមយោបល់របស់តំណាងប្រជាពលរដ្ឋពីបញ្ហាគ្រប់គ្រង និងប្រើប្រាស់ដីធ្លីសហគមន៍ជនជាតិរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះបានថ្លែងកោតសរសើរចំពោះស្មារតីសាមគ្គីភាពរបស់មន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងឃុំបឹងចារទាំងមូល ដែលភាគច្រើនជាប្រជាជនភាគតិចជនជាតិគួយ ក្នុងការរួមគ្នាពុះពារកសាងជីវភាពរស់នៅប្រកបដោយភាពសុខដុមរមនា ដោយជំនះបានបញ្ហាប្រឈមនានា រួមទាំងផលប៉ះពាល់ដែលបង្កឡើងដោយកូវីដ-១៩ ដើម្បីអភិវឌ្ឍមូលដ្ឋានទឹកដីកោះនៃទន្លេមេគង្គនេះឱ្យមានការរីកចំរើនលូតលាស់ជាលំដាប់។

ទន្ទឹមនោះ លោកប្រធានក្រុមការងារខេត្តក្រចេះ បានថ្លែងគូសបញ្ជាក់បន្ថែមទៀតថា ដើម្បីរួមចំណែករក្សា និងពង្រីកសមិទ្ធផលរួមរបស់សង្គមជាតិដែលយើងសំរេចបានកន្លងមក យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តចូលរួមយ៉ាងសកម្មក្នុងចលនាជាតិក្រោមមគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធ ទប់ស្កាត់ គ្រប់គ្រងកូវីដ-១៩ ដើម្បីឱ្យជំហាននៃការបើកសកម្មភាពសេដ្ឋកិច្ច សង្គម និងប្រទេសជាតិយើងឡើងវិញឈានទៅមុខយ៉ាងរឹងមាំ។

ដោយឡែកចំពោះភារកិច្ចការងារជាក់ស្ដែងឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២ខាងមុខ លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារខេត្តក្រចេះបានសំដែងនូវអំណរសាទរប្រកបដោយជំនឿជឿជាក់មោះមុត ចំពោះការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់មន្ត្រីមូលដ្ឋាន និងប្រជាជនឃុំបឹងចារដែលបានសន្យាការពារដាច់ខាតជ័យជំនះរាល់អាណត្តិបោះឆ្នោតកន្លងមកគឺគណបក្សប្រជាជនកម្ពុជាដណ្ដើមបានអាសនៈទាំងអស់ក្នុងក្រុមប្រឹក្សាឃុំបឹងចារ។

ក្នុងឱកាសនោះដែរ ក្រុមការងារក៏បានផ្ដល់ជូនភួយ និងថវិកាមួយចំនួនជូនអ្នកចូលរួម និងប្រជាពលរដ្ឋចាស់ៗ ក្រីក្រក្នុងមូលដ្ឋាននោះផងដែរ៕