(ពោធិ៍សាត់)៖ ជារៀងរាល់ឆ្នាំ ក្នុងកំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងមូលតែងតែនាំគ្នា ទៅវត្តអារាមដើម្បីធ្វើបុណ្យឧទ្ទិសកុសល្យជូនបុព្វការីជន លេងល្បែងប្រជាប្រិយ និងទៅកំសាន្តតាមទីរមណីយដ្ឋានធម្មជាតិនានា ដូចជាទឹកជ្រោះច្រកល្អៀង ជិះទូកកំសាន្តលើផ្ទៃបឹងទន្លេសាបជាដើម។ ដោយឡែក នាពេលរាត្រីប្រជាពលរដ្ឋតែងមកជួបជុំគ្នាកំសាន្តមើលសិល្បៈ និងរាំចង្វាក់ប្រពៃណីនៅលើកោះសំពៅមាស។
ជាការកត់សម្គាល់នៅក្នុងឆ្នាំនេះ ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានរៀបចំស្ថាបនាសួនច្បារថ្មីស្រឡាង នៅតាមបណ្តោយមាត់ស្ទឹងពោធិ៍សាត់ តុបតែងលម្អភ្លើងពណ៌តាមបណ្តោយផ្លូវ និងនៅលើបុរីកោះសំពៅមាស ថែមទាំងបានរៀបចំការសម្តែងសិល្បៈនានា ធ្វើអោយប្រជាពលរដ្ឋជាង១មឺុននាក់ ក្នុងមួយថ្ងៃៗ ចាប់ពីថ្ងៃចូលឆ្នាំដំបូងរហូតដល់ថ្ងៃទី១៥នេះ បាននាំគ្នាសម្រុកមកលេងកំសាន្ត កើតឡើងទ្វេរដងពីឆ្នាំកន្លងទៅ។
ប្រជាពលរដ្ឋទូទាំងប្រទេសបានកំសាន្តសប្បាយបែបនេះ គឺដោយសារក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកនូវសុខសន្តិភាព និងឯកភាពជាតិទូទាំងផ្ទៃប្រទេស។
ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអំពាវនាវអោយប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នក្នុងការអុជធូបទៀនជៀសវាង កុំអោយមានគ្រោះអគ្គីភ័យ និងត្រូវគោរពច្បាប់ចរាចរណ៍ អោយបានមឺុងម៉ាត់ កុំអោយមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ លោកអភិបាលខេត្ត ក៍បានដាក់បទបញ្ជាអោយ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ កុំអោយមានបទល្មើសកើតឡើង៕