(កំពង់ធំ)៖ ប្រជាពលរដ្ឋខ្មែរទាំងជាតិ និងអន្តរជាតិ រាប់ពាន់នាក់ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦នេះ បានសម្រុកមកលេងសង្ក្រាន្តឆ្នាំថ្មី នៅសំបូរព្រៃគុក ក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ក្រោយពីលោកអភិបាលខេត្ត បានបើកសង្ក្រាន្តនៅទីនេះ តាំងពីថ្ងៃទី១៣ មកនោះ ។
ស្ថិតតំបន់ទេសចរណ៌ដ៏ល្បីមួយនេះ គេសង្កេតឃើញមានការរៀបចំកម្មវិធីជាច្រើន ដើម្បីអបអរសាទរ និងចូលរួមសប្បាយ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ប្រជាពលរដ្ឋខ្លះ បានយកអង្រឹងមកចង ក្រោមដើមឈើធំៗ នៅតំបន់កំសាន្តមួយនេះ ខ្លះក្រាលកន្ទេលអង្គុយហូបនំចំណី ខ្លះចូលរាំធុងបាស់យ៉ាងសប្បាយរីករាយ ខណ:ដែលការលក់ដូរនំចំណីយ៉ាងព្រោងព្រាត ហើយកម្លាំងសមត្ថកិច្ច ទាំងនគរបាល អាវុធហត្ថ យោធា និងកម្លាំងប្រជាការពារ ត្រូវបានដាក់ពង្រាយតាមគោលដៅ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណ:នៅទីនេះ។
សូមបញ្ជាក់ថា រសៀលថ្ងៃទី ១៣ ខែ មេសាឆ្នាំ ២០១៦ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ និង លោកស្រី ងួន ឆេងនីម អញ្ជើញជាអធិបតីក្នុងពិធីបើកសង្ក្រាន្តឆ្នាំថ្មី សំបូរព្រៃគុកលើកទី២ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ២៥៦០ គ្រឹស្តសករាជ ២០១៦ នៅរម្យណីយដ្ឋានប្រវត្តិសាស្ត្រសំបូរព្រៃគុក ភូមិសំបូរ ឃុំ
សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អមដំណើរដោយ អភិបាលរង ប្រធានអង្គភាពមន្ទីរមន្ត្រីរាជ ការប្រជាពលរដ្ឋសិស្សានុសិស្ស ប្រមាណជាង១០០០នាក់ ។ឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ធំ បានធ្វើរបាយណ៍សង្ខេប ស្តីពីការបើកសង្ក្រាន្តថ្មីសំបូរព្រៃគុកលើកទី២ ។
លោកអភិបាលខេត្តបានថ្លែងថា ការបើកសង្ក្រាន្តគឺជួបជុំយុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរ ពិធីចូលឆ្នាំថ្មីប្រពៃណីជនជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ ផ្ដល់ឱកាសអោយយុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានស្វែងយល់បន្ថែមអំពីភាពរុងរឿងល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៍ អរិយធម៍ ទំនៀមទម្លាប់ ប្រពៃណីសាសនា និងបន្ដកេរមរតកនេះឲ្យបានគង់វង្ស ព្រមទាំងបន្ដពង្រីកកិត្យានុភាព របស់ប្រាសាទសំបូរព្រៃគុកលើឆាកជាតិ និងអន្ដរជាតិ បង្ហាញនូវ វប្បធម៏ និងសិល្បៈនៃកាចែករំលែក ការរាប់អាន ភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការជួយទុក្ខធុរៈគ្នាទៅវិញទៅមកដូចជាបងប្អូនតែមួយ ផ្ដល់អោកាសពាណិជ្ជករ សហគ្រិន អាជីវករ ចូលរួមតាំងបង្ហាញម្ហូបអាហារ ផលិតផលពាណិជ្ជកម្ម និង សេវាកម្មនានា ជាពិសេសផលិតផលសិប្បកម្ម និងឧបករណ៏បរិក្ខារដែលបង្ហាញ ពីអត្ដសញ្ញាណវប្បធម័ក្នុងតំបន់៕