(កណ្ដាល)៖ លោក គីម រិទ្ធី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល បានលើកឡើងថា គុណូបក្ការៈដ៏ធំធេងនៃសន្តិភាពមិនអាចកាត់ថ្លៃបាន និងវីរភាពរបស់អតីតយុទ្ធជនទើបធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចំរើន ដូចសព្វថ្ងៃ ដូច្នេះ សូមយុវជនជំនាន់ក្រោយបន្តរក្សាសន្តិភាព ដែលរកបានដោយលំបាកឱ្យបានគង់វង្ស តកូនចៅជំនាន់ក្រោយ។

ការលើកឡើងបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនេះនៅក្នុងពិធីអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា និងពិធីអបអរសាទរខួបលើកទី៤៣ ថ្ងៃកំណើតសហភាព សហព័ន្ធយុវជនកម្ពុជា និងពិធីចែកអំណោយមនុស្សធម៌ជូនអតីតយុទ្ធជនស្រុកមុខកំពូលនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

នាឱកាសនោះលោក គីម រិទ្ធី បានថ្លែងអរគុណសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្តយកជីវិតជាដើមទុន ដឹកនាំនាវាកម្ពុជាមួយនេះ ដែលបន្សល់ពីផេះផង់នៃសង្គ្រាម ងើបចេញពីសូន្យរហូតទទួលបាននូវការរីកចម្រើន អភិវឌ្ឍន៍មានបានមកដល់សព្វថ្ងៃនេះ ហើយក្នុងនោះក៏មានការបូជាសាច់ស្រស់ឈាមស្រស់របស់អតីតយុទ្ធជនជាច្រើននាក់ផងដែរ ទើបកម្ពុជារក្សាបាននូវស្ថិរភាពនយោបាយ សន្តិសុខ សន្តិភាពពោរពេញទៅដោយស្នាមញញឹមដែលកើតចេញពីសន្តិភាព។

ប្រធាន ស.ស.យ.ក ខេត្តកណ្ដាល បានបន្តថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល រៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៣ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា និងរំឭកដល់ស្មារតី ២ធ្នូ ដែលយុវជនកម្ពុជា បានធ្វើការលះបង់ និងដាក់ប្រយោជន៍បុគ្គលដោយឡែក ហើយរួបរួមសាមគ្គីគ្នាដោយដាក់ផលប្រយោជន៍ជាតិជាធំ ជាស្មារតីដែលតែងតែស្ថិតក្នុងចិត្ត និងបេះដូងសមាជិក សមាជិកានៃក្រុមគ្រួសារ ស.ស.យ.ក ចាប់តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត ។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី នៃ និយម ប្រធានសមាគមអតីតយុទ្ធជនខេត្តកណ្ដាល បានថ្លែងថា ឆ្លើយតបនឹងអនុសាសន៍របស់នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សំដៅចូលរួមលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងការដឹកនាំ និងជំរុញសកម្មភាពការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជា ទទួលបានជោគជ័យ។ ជាពិសេសដើម្បីលើកកម្ពស់កិត្តិយស សេចក្ដីថ្លៃថ្នូរសក្ដិសមនឹងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជន យុទ្ធនារីដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុការពារជាតិមាតុភូមិជាទីស្នេហា។

លោកបានបន្តថា ដើម្បីថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះពុកម៉ែបងប្អូនដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងធំធេងដោយបញ្ជូនកូនចៅប្តីសីចូលរួមចំណែកក្នុងបុព្វហេតុការពារជាតិមាតុភូមិ។

ទន្ទឹមនឹងការលើកឡើងនេះដែរ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានឡើងថ្លែងពីការងារសម្រេចលទ្ធផលយ៉ាងច្រើនរបស់យុវជនស្រុក ព្រមទាំងការគិតគូរយកចិត្តទុកដាក់ជួយទំនុកបំរុងផ្សេងៗដល់យុវជន និងអតីតយុទ្ធជន ហើយថារដ្ឋបាលស្រុកមុខកំពូល ក៏ពុំបានភ្លេចយុវជនជំនាន់ក្រោយដោយបានបង្កើត និងកែសម្រួលសមាសភាពរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ស្រុក ដើម្បីជាកម្លាំងចលករក្នុងការគាំទ្រសកម្មភាពភូមិ ឃុំ ស្រុក៕