(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីប្រកាសអំពី លទ្ធផលកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៉ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ដែលជាព្រឹតិ្តការណ៍អមមួយក្នុងចំណោមព្រឹត្តិការណ៍អមទាំង៧ និងជាព្រឹតិ្តការណ៍អមយុវជនផ្លូវការរបស់កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ (ASEM13)។

លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៉ី-អឺរ៉ុប លើកទី៤ (ASEFYLS4) បានថ្លែងសុន្ទកថាគន្លឹះ ក្នុងពិធីបិទកិច្ចប្រជុំកំពូល ASEFYLS4 ក្រោមមូលបទ «ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» (Sustainable Development in a post-COVID-19 World) តាមរយៈការថតវីដេអូទុកជាមុន (pre-recorded)។

កិច្ចប្រជុំខាងលើ បានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក Ambassador Leon FABER នាយករងប្រតិបត្តិនៃមូលនិធិអាស៉ី-អឺរ៉ុប ព្រមទាំង យុវជន ASEF សរុបចំនួនប្រមាណ ២០០នាក់ ដែលមកពី ៥១ប្រទេស ដោយក្នុងនោះយុវជនរបស់កម្ពុជាមានចំនួន ៣០រូប។

កិច្ចប្រជុំកំពូល ASEFYLS4 នេះ គឺធ្វើឡើងអស់រយៈពេលជាង១ឆ្នាំមកហើយ ពោលគឺមាន៤ ដំណាក់កាលធំៗ ដូចជា៖ ដំណាក់កាលទី១៖ ការជ្រើសរើស និងបណ្ដុះបណ្ដាលយុវជនបង្គោល (Navigators Selecting and Trainings) ដំណាក់កាលទី២៖ ការកសាងចំណេះដឹង (Knowledge Building) ដំណាក់កាលទី៣៖ ការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ (Leadership in Action) និងដំណាក់កាលទី៤៖ គឺកិច្ចប្រជុំ ASEFYLS4 ចាប់ពីថ្ងៃទី ២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

កិច្ចប្រជុំកំពូល ASEFYLS4 រយៈពេល៥ថ្ងៃនេះ បានផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ចំនួន៤ រួមមាន៖ SDG3 សុខភាព និងសុខុមាលភាពមាំមួន (Good Health & Wellbeing) SDG4 ការអប់រំប្រកបដោយគុណភាព (Quality Education) SDG8 ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work & Economic Growth) និង SDG13 សកម្មភាពបរិស្ថាន(Climate Action)។ ជាមួយគ្នានេះដែរ ដើម្បីជាការគាំទ្រដល់ SDG13: សកម្មភាពបរិស្ថាន កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារអន្តរក្រសួង-ស្ថាប័នដើម្បីរៀបចំ ASEFYLS4 បានរៀបចំកម្មវិធីដាំដើមឈើសាមគ្គីយុវជនអាស៉ី-អឺរ៉ុប ក្រោមអធិបតីភាព លោកហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៉ី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅតំបន់អង្គរ ខេត្តសៀមរាប។

រយៈពេល៥ថ្ងៃ នៃកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំវ័យក្មេងទាំង ១៥០នាក់ បានធ្វើបទបង្ហាញ និងពិភាក្សាគ្នា ផ្លាស់ប្ដូរទស្សនៈ និងបទពិសោធន៍ ជាពិសេសធ្វើការឆ្លុះបញ្ចាំងពីគម្រោងសកម្មភាពរបស់ខ្លួនដែលបានធ្វើឡើងក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ លើសនេះទៀត ថ្នាក់ដឹកនាំ វ័យក្មេងបានធ្វើការអនុម័តសេចក្ដីថ្លែងការណ៍យុវជន ASEM ដោយសេចក្ដីថ្លែងការណ៍នេះដែរ បានអានជូនថ្នាក់ដឹកនាំអាស៉ី-អឺរ៉ុប នៅក្នុងកិច្ចប្រជុំកំពូល ASEM13 ដោយក្នុងនោះមានតំណាងយុវជនម្នាក់មកពីកម្ពុជា។

ក្នុងសុន្ទរកថាគន្លឹះ លោក សុខ សូកេន បានគូសបញ្ជាក់ពីសារៈសំខាន់របស់យុវជនក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺជំរុញការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។ ក្នុងនោះដែរ លោកបានថ្លែងអំណរគុណដល់ ASEF ក៏ដូចជាឥស្សរជនអាស៉ី-អឺរ៉ុបផ្សេងៗទៀត ដែលបានផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំវ័យក្មេង ASEF ជាពិសេសយុវជនកម្ពុជា ឱ្យបានចូលរួម និងស្វែងយល់ពីការងារសំខាន់ៗ ជាពិសេស កិច្ចការអភិវឌ្ឍប្រកបដោយចីរភាព ទាំងនៅថ្នាក់នយោបាយ និងបច្ចេកទេស ដែលអាចជួយពង្រីកវិសាលភាពចំណេះដឹងរបស់យុវជនយើងជំនាន់ក្រោយថែមមួយកម្រិតទៀត។

លោករដ្ឋលេខាធិការ បានលើកឡើងថា ការស្ដែងឱ្យឃើញនូវផលប៉ះពាល់ជាច្រើនផ្នែកនៃនិន្នាការសកល បានបង្ហាញពីភាពផុយស្រួយរបស់ស្ថានភាពពិភពលោកក្នុងកម្រិតផ្សេងៗគ្នា។ លោក ជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមរបស់យុវជននៅគ្រប់តំបន់ អាចនឹងពង្រឹងភាពធន់របស់សង្គម ដើម្បីឱ្យមានភាពប្រសើរឡើងនៃពិភពលោកនិងសង្គមសម្រាប់ជំនាន់ក្រោយៗទៀត៕