(ភ្នំពេញ)៖ ដោយសារតែប្រជាពលរដ្ឋមួយចំនួនបានយកចិញ្ចើមថ្នល់នៅតាមមុខផ្ទះរៀងៗខ្លួនដាក់តាំងលក់ទំនិញផ្សេងៗ ធ្វើឱ្យមានការកកស្ទះចរាចរណ៍ និងមិនមានផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរផងនោះ កម្លាំងចម្រុះនៃអាជ្ញាធរខណ្ឌចំការមនបានចុះអនុវត្តវិធានការរដ្ឋបាលរៀបចំសណ្តាប់ធ្នាប់នៅតាមផ្លូវ២៧១ ដោយបានតម្រូវឱ្យប្រជាពលរដ្ឋធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញតាមចិញ្ចើមផ្លូវតទៅទៀត។

ការចុះអនុវត្តវិធានការរដ្ឋបាលនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំដោយលោក យស យុទ្ធី អភិបាលរងខណ្ឌចំការមន ដែលមានការចូលរូមពីកម្លាំងអាជ្ញាធរចម្រុះរបស់ខណ្ឌចុះរៀបចំសណ្តាប់ធ្នាប់ និងអនុវត្តវិធានការដ្ឋាបាលចំពោះប្រជាពលរដ្ឋដែលរំលោភយកចិញ្ចើមផ្លូវតាមបណ្តោយផ្លូវ២៧១ ចាប់ពីចំណុចច្រមុះជ្រូកក្បាលថ្នល់រហូតដល់ចំណុចភ្លើងស្តុបផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

លោក យស យុទ្ធី បានប្រាប់ឱ្យដឹងថា ការចុះធ្វើវិធានការរដ្ឋបាលនៅពេលនេះយោងតាមសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្តីពីការរៀបចំសណ្តាប់ធ្នាប់លើផ្លូវទាំង១១ខ្សែនៅក្នុងរាជធានីភ្នំពេញ ដូច្នេះនេះអាជ្ញាធរចម្រុះបានចុះធ្វើការរៀបចំសណ្តាប់ធ្នាប់ និងធ្វើវិធានការរដ្ឋបាល ដោយមិនលើកលែង គឺចាប់ដកហូតសម្ភារៈមួយចំនួន ដែលនៅតែគគ្លើនដាក់តាំងលក់ ដោយរំលោភយកចិញ្ចើមផ្លូវសាធារណៈ។

លោកបានបន្តថា ការចុះធ្វើការរៀបចំសណ្តាប់ធ្នាប់នៅព្រឹកនេះ ក្រៅពីការអនុវត្តវិធានការរដ្ឋបាល ក្នុងនាមអាជ្ញាធរខណ្ឌចំការមន ក្រោមការបញ្ជាផ្ទាល់ពីលោក ថេង សុថុល អភិបាលខណ្ឌ ក៏បានណែនាំ និងឱ្យប្រជាពលរដ្ឋមួយចំនួនតូចដែលនៅតែបន្តរំលោភចិញ្ចើមផ្លូវដាក់តាំងលក់ទំនិញផ្សេងៗ ធ្វើកិច្ចសន្យាឈប់ឱ្យដាក់តាំងលក់ទំនិញ ដែលអាចបង្កជាការកកស្ទះចរាចរណ៍ បាត់បង់សោភ័ណភាពទីក្រុង និងសណ្តាប់ធ្នាប់តាមដងផ្លូវផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីណែនាំពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈតាមដងផ្លូវ ជាកត្តាសំខាន់ក្នុងការដោះស្រាយបញ្ហាចរាចរណ៍ លើកកម្ពស់កិត្តិយសជាតិ និងកាត់បន្ថយបានភាពអនាធិបតេយ្យតាមដងផ្លូវ។ រដ្ឋបាលរាជធានីភ្នំពេញសម្រេចជ្រើសរើសយកផ្លូវសំខាន់ៗចំនួន១១ខ្សែ ធ្វើជាអាទិភាពគំរូសម្រាប់អនុវត្តវិធានការដោះស្រាយចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យសណ្ដាប់ធ្នាប់តាមដងផ្លូវ និងចរាចរណ៍បានល្អប្រសើរ។

រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋ គណៈបញ្ជាការគ្រប់ខណ្ឌ និងកងកម្លាំងមានសមត្ថកិច្ចចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕