(ពិភពលោក)៖ មាស គឺជាលោហៈធាតុម្យ៉ាង ដែលត្រូវបានគេចាត់ទុកថា ជាវត្ថុដ៏អស្ចារ្យក្នុងពិភពលោក បន្ទាប់ពីត្បូងពេជ្រ។ កាលពីសម័យបុរាណ មាសត្រូវបានប្រើ ដើម្បីជាមធ្យោបាយដ៏សំខាន់មួយ របស់មនុស្សក្នុងការផ្លាស់ប្តូរអ្វីគ្រប់យ៉ាងដូចជា អាហារ សម្លៀកបំពាក់ ទំនិញ និងរបស់របរផ្សេងៗទៀត។ មាសត្រូវបានគេជួញដូរក្នុងទីផ្សារ និងយកទៅធ្វើជាគ្រឿងលម្អកាយ និងរបស់ប្រើប្រាស់ ដ៏មានតម្លៃជាច្រើនផ្សេងទៀតផងដែរ។
ខាងក្រោមនេះ ជាប្រទេសទាំង១០ ដែលផលិតមាសច្រើនជាងគេបំផុត ក្នុងពិភពលោក៖
១.ប្រទេសចិន៖ ជាប្រទេសទី១ ដែលផលិតមាសច្រើនជាងគេបំផុតក្នុងពិភពលោក។ រ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសចិន គឺស្ថិតនៅក្នុងខេត្ត Shandong ហើយជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន៣៥៥.០០០ គីទ្បូក្រាម។
២.ប្រទេសអូស្តា្រលី៖ ជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន២៧០.០០០ គីទ្បូក្រាម។ រ៉ែមាសដ៏ធំបំផុតនៅក្នុងប្រទេសអូស្ត្រាលី គឺស្ថិតនៅក្នុងរដ្ឋ New South Wales, Queensland និងរដ្ឋ Tasmania ។
៣. សហរដ្ឋអាមេរិក៖ ជារៀងរាល់ឆ្នាំសហរដ្ឋអាមេរិក ផលិតមាសបានចំនួន២៧០.០០០គីទ្បូក្រាម ហើយរដ្ឋ Nevada គឺរ៉ែមាសដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក។
៤. ប្រទេសរុស្ស៊ី៖ ជាប្រទេសមួយ ស្ថិតនៅភាគខាងជើងនៃតំបន់ Eurasia ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ២០០.០០០ គីទ្បូក្រាម។
៥. ប្រទេសអាហ្វ្រិកខាងត្បូង៖ ជាប្រទេសមួយ ស្ថិតភាគខាងត្បូងទ្វីបអាហ្វ្រិក ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ១៩០.០០០ គីទ្បូក្រាម។
៦. ប្រទេសប៉េរូ៖ តំបន់ Cusco គឺជារ៉ែមាសដ៏ធំផុតនៅក្នុងប្រទេសប៉េរូ ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន១៥០ ០០០គីទ្បូក្រាម។
៧. ប្រទេសកាណាដា៖ រ៉ែមាសដ៏ធំបំផុតរបស់ប្រទេសកាណាដា គឺស្ថិតនៅក្នុងខេត្ត Ontario ដែលជារៀងរាល់ឆ្នាំ ផលិតមាសបានចំនួន ១១០.០០០ គីទ្បូក្រាម។
៨. ប្រទេសហ្គាណា៖ ហ្គាណាជាប្រទេសទី២ ដែលផលិតមាសច្រើនបំផុតក្នុងទ្វីបអាហ្វ្រិក និងស្ថិតនៅលេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតមាសច្រើនបំផុត ក្នុងពិភពលោកផងដែរ។ ជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ១០០.០០០ គីទ្បូក្រាម។
៩. ប្រទេសឥណ្ឌូនេស៊ី៖ រ៉ែមាសដ៏ធំបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី គឺស្ថិតនៅក្នុងខេត្ត Papua ដែលជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ១០០.០០០ គីទ្បូក្រាម។
១០. ប្រទេស Uzbekistan៖ ជាប្រទេសដីគោកមួយ ស្ថិតនៅតំបន់អាស៊ីកណ្ដាល ដែលជារៀងរាល់ឆ្នាំប្រទេសនេះ ផលិតមាសបានចំនួន ៩០.០០០ គីទ្បូក្រាម៕