(ភ្នំពេញ)៖ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញនូវសេចក្តីសោមនស្សរីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ក្នុងឱកាសដែលកម្ពុជាទទួលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលទើបបញ្ចប់ទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ។

សេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រោះមហន្តរាយ និងអតីតយុទ្ធជន លោក គន់ គីម បានចាត់ទុកកិច្ចប្រជុំកម្រិតអន្តរជាតិ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយបានបញ្ចប់ដោយជោគជ័យនេះ គឺជាការនាំមកនូវមោទនភាពសម្រាប់ជាតិកម្ពុជាទាំងមូល ហើយក៏បានធ្វើឱ្យកិត្តិស័ព្ទរបស់កម្ពុជា កាន់តែល្បាញល្បីខ្ទរខ្ទារលើឆាកអន្តរជាតិផងដែរ។

វេទិកាអាស៊ី-អឺរ៉ុប ដែលមានប្រទេស៥១ នៅតំបន់អាស៊ី និងអឺរ៉ុប ព្រមទាំងអង្គការតំបន់ចំនួន២ (សហភាពអឺរ៉ុប និងអាស៊ាន) ជាសមាជិក គឺជាវេទិកាជជែកពិភាក្សាមួយរវាងប្រទេសនៅតំបន់អាស៊ី និងអឺរ៉ុប ដើម្បីរកភាពចម្រើនផ្នែកសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាទាំងឡាយរវាងតំបន់ទាំងពីរ។ កម្ពុជាបានក្លាយទៅជាសមាជិកនេះវេទិកាមួយនេះ កាលពីឆ្នាំ២០០៤ ហើយទើបនៅឆ្នាំ២០២១ កម្ពុជា ត្រូវបានវេទិកាមួយនេះផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះរៀបចំ និងដឹកនាំនូវកិច្ចប្រជុំនេះ។

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកម្ពុជា បានត្រៀមលក្ខខណៈសម្បត្តិយ៉ាងច្រើនទាំងធនធានបច្ចេកទេស ថវិកា និងធនធានមនុស្ស។ កិច្ចប្រជុំកំពូលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីប្រធានាធិបតី នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់នៃប្រទេសជាសមាជិកនៅអាស៊ី និងអឺរ៉ុប ៥១រូប ព្រមទាំងថ្នាក់ដឹកនាំសហភាពអឺរ៉ុប ក៏ដូចជាអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះកម្ពុជា បានសម្រេចយក «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» គឺជាមូលបទរួមក្នុងកិច្ចពិភាក្សារយៈពេលពីរថ្ងៃនេះ។ ប្រធានបទនៃកិច្ចប្រជុំដែលកម្ពុជា បានដាក់ចេញទទួលបានការស្វាគមន៍ និងកោតសរសើរពីសំណាក់មេដឹកនាំប្រទេសជាសមាជិក ព្រោះជាប្រធានមួយឆ្លើយតបយ៉ាងស័ក្តិសិទ្ធភាពចំពោះបញ្ហារបស់តំបន់ និងពិភពលោកនាពេលបច្ចុប្បន្ន។

កិច្ចប្រជុំកំពូលដ៏មានសារៈសម្រាប់តំបន់អាស៊ី-អឺរ៉ុប ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានអនុម័តលើឯកសារសំខាន់ៗចំនួន៣រួមមាន៖ សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំកំពូល ASEM លើកទី១៣, សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និងឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។

ជាមួយនឹងការបិទបញ្ចប់កិច្ចប្រជុំនេះ មេដឹកនាំដែលចូលរួមកិច្ចប្រជុំ និងតំណាងសហភាពអឺរ៉ុប បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ហ៊ុន សែន និងសហការីទាំងអស់ ដែលបានប្រឹងប្រែងលើការរៀបចំកិច្ចប្រជុំនេះឡើងដោយជោគជ័យ ទោះស្ថិតបរិបទនៃការរាតត្បាតជំងឺកូវីដ១៩។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ Fresh News ថា កម្ពុជា ដែលជាប្រទេសធ្លាប់តែយាយី និងបំផ្លាញខ្ទេចខ្ទីដោយភ្លើងសង្គ្រាមធ្លាក់ទៅក្នុងហាយនភាពកាលពីអតីតកាលនោះ គឺពិតជាមានមោទនភាពណាស់សម្រាប់ការទទួលបានទំនុកទុកចិត្តឱ្យរៀបចំកិច្ចប្រជុំកំពូល ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណ ៤ពាន់លាននាក់លើពិភពលោកនេះ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ «ការដែលគេអនុញ្ញាតឱ្យយើងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ គឺគេបានវាយតម្លៃ និងពិនិត្យលក្ខណៈសម្បត្តិរបស់យើងយ៉ាងល្អិតល្អន់ទៅលើស្ថានភាពសេដ្ឋកិច្ច ធនធានមនុស្ស និងធនធានពាក់ព័ន្ធផ្សេងៗទៀត។ ជាពិសេសគេបានជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ថា អាចដឹកនាំ និងរៀបចំកិច្ចប្រជុំនេះបានដោយជោគជ័យ»

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា «នេះគឺជាព្រឹត្តិការណ៍ដ៏មានមោទនភាពសម្រាប់យើងជាប្រជាជាតិខ្មែរ។ យើងដឹងហើយថា អតីតកាលប្រទេសយើង ធ្លាប់បានខ្ទេចខ្ទាំងយ៉ាងដូចម្តេចខ្លះដោយសារតែភ្លើងសង្គ្រាម ប្រទេសយើងធ្លាក់ទៅក្នុងហាយនភាព ធ្លាក់ទៅក្នុងប្រទេសដែលអន់ថយ និងជាប្រទេសគេមិនសូវផ្តល់តម្លៃឡើយនៅក្នុងតំបន់។ តែពេលនេះយើងអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនានា យើងអាចកំណត់នូវប្រធាននៃបញ្ហាសម្រាប់ប្រទេសនានាយកមកពិភាក្សា នេះគឺជាកិត្តិយសមួយសម្រាប់ប្រជាជាតិយើង ហើយបានបង្ហាញថា ប្រទេសយើងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺឈរដោយស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ហើយយើងក៏អាចចូលរួមដោះស្រាយរបស់ពិភពលោកបានដែរ»

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចាត់ទុកការដែលកម្ពុជាធ្វើម្ចាស់រៀបចំកិច្ចប្រជុំនេះ គឺជាការទទួលបានឱកាសមួយក្នុងការផ្សព្វផ្សាយ និងបង្ហាញនូវសមត្ថភាពសម្រាប់កិច្ចការតំបន់ និងអន្តរជាតិ ហើយព្រឹត្តិការណ៍នេះ ក៏បានរុញឱ្យកិត្តិនាមរបស់កម្ពុជាបានល្បីខ្ទរខ្ទារលើឆាកអន្តរជាតិផងដែរ។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី បានហៅការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់កម្ពុជា។ ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា គឺពិតជាខ្លាំង ហើយគឺពិតជាបានធ្វើឱ្យកម្ពុជារីកចម្រើន មានកិត្តិស័ព្ទកាន់តែល្អ ហើយក៏ធ្វើឱ្យអន្តរជាតិកាន់តែទទួលស្គាល់ពីកម្ពុជាផងដែរ។

ជាមួយនឹងសមិទ្ធផលពោរពេញដោយកិត្តិយសសម្រាប់ជាតិនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលសម្តេចតេជោតែងលះបង់ខ្ពស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕