(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហោះរូបថតអនុស្សាវរីយ៍មួយសន្លឹក ដែលអភិបាលខេត្តកែប បានផ្ញើជូនសម្តេច។

សម្តេចតេជោ បានលើកឡើងថា សម្តេចមិនដែលបានឃើញរូបថតមួយសន្លឹកនេះឡើយ។ សម្តេចតេជោ បានសន្និដ្ឋានរូបថតនេះថតនៅឆ្នាំ១៩៨៦ ពេលដែលសម្តេចមានអាយុ ៣៤ឆ្នាំ។ សម្តេចតេជោ បានសរសេរសំណេរពាក់ព័ន្ធរូបថតមួយសន្លឹកនេះយ៉ាងដូច្នេះ «បើពិនិត្យតាមវ៉ែនតាដែលខ្ញុំពាក់រូបថតនេះ អាចថតក្នុងឆ្នាំ១៩៨៦ ដែលពេលនោះខ្ញុំមានអាយុ៣៤ឆ្នាំ។ សក់ក្បាលរបស់ខ្ញុំនាពេលនោះមិនមានថ្នាំបាញ់ឱ្យរឹងនោះទេ គឺជាសក់ក្បាលធម្មជាតិ ដែលរាងអង្គាដីឬរួញបន្តិច។ ដោយសារបែបនេះ បានជាសក់កូនស្រីពៅកាលពីតូច និងចៅស្រីទី២១ សក់ក្រញ៉ាញ់ដូចសក់ខ្ញុំដែរ»

ទន្ទឹមនឹងការបង្ហាញរូបថតនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតបញ្ជាក់ផងដែរថា នៅក្នុងសប្តាហ៍នេះ ជាសប្តាហ៍នយោបាយ ដែលនាំឱ្យសម្តេចជ្រើសយកការមើលរូបថតចាស់ៗ ដើម្បីបំបាត់ការនឿយហត់។

សូមបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះ សម្តេចតេជោ ហ៊ុន សែន មានសកម្មភាពការងារជាច្រើន ដូចជាសម្ពោធសមិទ្ធផលស្ពានស្ទឹងត្រង់-ក្រូចឆ្មារ, ជួបភ្ញៀវជាឯកអគ្គរដ្ឋទូតបារាំង និងរដ្ឋទូតវៀតណាម ហើយសកម្មភាពសម្តេចតេជោ ត្រូវចំណាយពេលច្រើននោះ គឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ រយៈពេលពីរថ្ងៃ ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំនេះ។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ហើយបញ្ចប់ទៅនៅថ្ងៃម្សិលមិញនេះ សម្តេចតេជោ បានចំណាយពេលជាច្រើនម៉ោង ដើម្បីជជែក និងដឹកនាំកិច្ចប្រជុំ។ ការដែលកម្ពុជាទទួលបានឱកាសធ្វេីជាម្ចាស់ផ្ទះ កំណត់ប្រធានបទសម្រាប់ឱ្យមេដឹកនាំប្រទេស៥១ អង្គការដៃគូពីរជជែកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត និងប្រកបដោយមោទនភាពសម្រាប់ប្រជាជាតិទាំងមូល។

តាមរយៈធ្វេីជាផ្ទះកិច្ចប្រជុំនេះ បានបង្ហាញថា កម្ពុជាដែលធ្លាប់យាយីដោយសង្គ្រាម ធ្លាប់ធ្លាក់ក្នុងហាយនភាពពីអតីតកាលនោះ ពេលនេះគឺមានសមត្ថភាព មានធនធាន (ជាពិសេសធនធានមនុស្ស) គ្រប់គ្រាន់ក្នុងការធ្វេីការ និងចូលរួមដោះស្រាយវិបត្តិទាំងឡាយជាមួយពិភពលោក។ កិច្ចប្រជុំនេះ បានបង្ហាញកាន់តែច្បាស់ពីភាពខ្លាំងរបស់កម្ពុជានាពេលបច្ចុប្បន្ន។ កិច្ចប្រជុំនេះ ក៏នឹងនាំកិត្តិស័ព្ទកម្ពុជាកាន់តែខ្ទរខ្ទារទៅកាន់ឆាកអន្តរជាតិផងដែរ៕