(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ខេត្ត នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់លើសេចក្តីព្រាងការរៀបចំផែនការប្រើប្រាស់ដីសង្កាត់សាមគ្គី នៃក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង បានបញ្ជាក់ថា គោលបំណងចម្បងនៃការកសាងផែនការប្រើប្រាស់ដីនៅក្នុងសង្កាត់សាមគ្គីនេះ គឺដើម្បីគាំទ្រដល់ដំណើរការកសាងផែនការអភិវឌ្ឍសង្កាត់ និងប្រើប្រាស់សម្រាប់គាំទ្រដល់ការអភិវឌ្ឍសង្កាត់ទាំងមូលឱ្យបានចំទិសដៅប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយកំរិតជីវភាពរស់នៅ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋក្នុងសង្កាត់។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា ផែនការប្រើប្រាស់ដីសង្កាត់សាមគ្គីជាត្រីវិស័យសម្រាប់តម្រង់ទិសដល់ការរៀបចំអភិវឌ្ឍ និងដើម្បីគាំទ្រដល់ដំណើរការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគសង្កាត់ទាំងមូលឱ្យចំទិសដៅតាមតម្រូវការរបស់ប្រជាជន ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយវិមជ្ឈការ សហវិមជ្ឈការ សំដៅពង្រឹងអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសង្កាត់ឱ្យកាន់តែល្អប្រសើរឡើង។

លោកអភិបាលខេត្តបានមើលឃើញកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មក្រុងស្ទឹងត្រែង និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តស្ទឹងត្រែង ក្នុងការកសាងផែនការប្រើប្រាស់ដីសង្កាត់សាមគ្គីឆ្នាំ២០៣៥ ផែនការសកម្មភាពគម្រោងអាទិភាពតាមដំណាក់កាល ត្រូវបានសិក្សាបញ្ចប់រួចរាល់ ដោយគោរពតាមនីតិវិធីដែលមានចែងនៅក្នុងអនុក្រឹត្យស្ដីពីនីតិវិធីនៃការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ-សង្កាត់ និងសេចក្តីសម្រេចស្តីពីនីតិវិធីលម្អិតនៃការរៀបចំប្លង់គោល និងផែនការប្រើប្រាស់ដីថ្នាក់ក្រុង និងទីប្រជុំជន។

លោក ស្វាយ សំអ៊ាង បានចាត់ទុកផែនការប្រើប្រាស់ដីសង្កាត់នេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបានដើរតួជាត្រីវិស័យសម្រាប់ការអភិវឌ្ឍទៅថ្ងៃអនាគត៕