(ភ្នំពេញ)៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំនោះ បានបិទបញ្ចប់ហើយព្រលប់ថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កាគួរជាទីមោទនភាព។

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប រយៈពេលពីរថ្ងៃដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋាភិបាលប្រទេសនៅអាស៊ី និងអឹរ៉ុប ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ ៥១រូប និងមន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន បានជជែកនិងផ្លាស់ប្តូរយោបល់ និងទស្សនៈគ្នាយ៉ាងផុលផុស។

កិច្ចប្រជុំនេះ បានពិភាក្សាទៅលើប្រធានសំខាន់ៗចំនួនដូចជា៖ កិច្ចពិភាក្សាស្តីតួនាទីរបស់អាស៊ី-អឺរ៉ុប ក្នុងការលើកកម្ពស់ពហុភាគីនិយម, បញ្ហាជំងឺកូវីដ១៩ ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបញ្ហាតំបន់អាស៊ី-អឺរ៉ុប ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ និងការកសាងអនាគតប្រកបដោយភាពធន់។

ក្នុងសុន្ទរកថាបិទកិច្ចប្រជុំកំពូលលើកទី១៣នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កម្ពុជាពិតជាមានមោទនភាពដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ នៅក្នុងកាលៈទេសៈដែលយើងកំពុងប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈម ក្នុងតំបន់ និងសកល ជាច្រើនផ្សេងទៀត។

សម្តេចតេជោ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូល ASEM លើកទី ១៣ បានផ្តល់ឱកាសដ៏ពិសេស និងទាន់ពេលសម្រាប់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូ ASEM បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សន្តិភាព និងសន្តិសុខ ព្រមទាំងផ្តល់នូវដំណោះស្រាយជាក់ស្តែង ទៅលើបញ្ហាប្រឈមតំបន់ និងសកល នាបច្ចុប្បន្ន ដូចជា ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញសុវត្ថិភាព និងសុខភាពសាធារណៈ ភាពមានការងារធ្វើរបស់យុវជន ការប្រែប្រួលអាកាសធាតុការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក អំពើភេរវកម្ម និងបញ្ហាសន្តិសុខតំបន់ និងសកល ក្នុងចំណោមបញ្ហាផ្សេងៗជាច្រើនទៀត។

កិច្ចប្រជុំកំពូលនេះ ក៏បានអនុម័តជាផ្លូវការនូវឯកសារលទ្ធផលសំខាន់ៗ ចំនួន ៣រួមមាន៖ (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំកំពូល ASEM លើកទី១៣, (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាពអនាគត ស្តីពីការតភ្ជាប់ ASEM។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ឯកសារទាំង ៣នេះ ពិតជាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តសាមគ្គីភាព និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាយ៉ាងមោះមុតរបស់ថ្នាក់ដឹកនាំនៃប្រទេស និងស្ថាប័នដៃគូASEM ទាំងអស់ ក្នុងការចូលរួមពង្រឹងពហុភាគីនិយម ដើម្បីអនាគតនៃភាពជាដៃគូអាស៊ី-អឺរ៉ុប កាន់តែប្រសើរឡើង កាន់តែរឹងមាំ ប្រកបដោយបរិយាប័ន្ន និងមានភាពធន់។

ខាងក្រោមនេះ ជាសុន្ទរកថាសម្តេចតេជោ ហ៊ុន សែន បិទកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប៖