(ភ្នំពេញ)៖ យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួន១៩នាក់បានស្លាប់ ខណៈ៥៧នាក់រងរបួសធ្ងន់ និង៤០នាក់ផ្សេងទៀតរងរបួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសរយៈពេល២ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ ១៤ ខែមេសា ឆ្នាំ២០១៦ នេះបើយោងតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា រយៈពេល២ថ្ងៃមកនេះ មានគ្រោះថ្នាក់ចរាចរណ៍ទាំងអស់ចំនួន៤៥លើក ហើយមូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍រួមមាន បើកលឿន២០លើក (ស្លាប់១១នាក់) ស្រវឹង៦លើក (ស្លាប់២នាក់) ប្រជែង៤លើក (ស្លាប់៣នាក់) មិនគោរពសិទ្ធិ៥លើក មិនប្រកាន់ស្តាំ៦លើក និងមូលហេតុមួយចំនួនទៀត។
របាយការណ៍ឲ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ ១៤ ខែមេសាកន្លងមកនេះ ខេត្តដែលគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេរួមមាន ខេត្តព្រៃវែង កើតឡើង៦លើក ស្លាប់៤នាក់ និងរបួស៨នាក់, ខេត្តកណ្តាល កើតឡើង៤លើក ស្លាប់៣នាក់ របួស៧នាក់ ខេត្តកំពង់ស្ពឺ កើតឡើង២លើក ស្លាប់៣នាក់ របួស៤នាក់, ខេត្តកំពង់ចាម កើតឡើង៤លើក ស្លាប់២នាក់ របួស៥នាក់, ខេត្តតាកែវ កើតឡើង២លើក ស្លាប់២នាក់ របួស៣នាក់, ខេត្តពោធិ៍សាត់ កើតឡើង៧លើក ស្លាប់ម្នាក់ របួស១៧នាក់ និងខេត្តមួយចំនួនទៀត៕