(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង-ស្ថាប័ន រៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងអាស៊ី-អឺរ៉ុប លើកទី៤ (ASEFYLS4) បានចូលរួមថ្លែងសុន្ទរកថាបិទ នៅក្នុងកិច្ចប្រជុំកំពូល ASEFYLS4។

ពិធីបិទកិច្ចប្រជុំខាងលើមានការចូលរួមពី លោក Ambassador Leon FABER នាយករងប្រតិបត្តិនៃមូលនិធិអាស៊ី-អឺរ៉ុប ព្រមទាំងយុវជន ASEF សរុបចំនួនប្រមាណ ២០០នាក់ ដែលមកពី៥១ប្រទេស ដោយក្នុងនោះយុវជនរបស់កម្ពុជា មានចំនួន៣០រូបផងដែរ។ យុវជនទាំងអស់ បានចេញសេចក្ដីថ្លែងការណ៍រួម យុវជនអាស៊ី-អឺរ៉ុប ដែលបង្ហាញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់យុវជន សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

ក្នុងសុន្ទរកថាបិទដ៏មានតម្លៃនេះ លោក សុខ សូកេន បានគូសបញ្ជាក់ពីសារៈសំខាន់របស់យុវជន ក្នុងការចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគឺជំរុញការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។

ក្នុងនោះដែរ លោកបានថ្លែងអំណរគុណដល់ ASEF ក៏ដូចជា ថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុបផ្សេងៗទៀត ដែលបានផ្ដល់ឱកាសដល់យុវជន ASEF ជាពិសេសយុវជនកម្ពុជា ឲ្យបានចូលរួម ស្វែងយល់ និងរៀនសូត្រពីការងារសំខាន់ៗ ជាពិសេសកិច្ចការអភិវឌ្ឍន៍ប្រកបដោយចីរភាព ទាំងកម្រិតបច្ចេកទេស និងនយោបាយ ដែលអាចជួយពង្រីកវិសាលភាពចំណេះដឹងរបស់យុវជនយើងជំនាន់ក្រោយថែមមួយកម្រិតទៀត។

លោក សុខ សូកេន បានបន្ថែមទៀតថា ការស្ដែងឲ្យឃើញនូវផលប៉ះពាល់ជាច្រើនផ្នែក នៃនិន្នាការសកល បានបង្ហាញពីភាពផុយស្រួយរបស់ស្ថានភាពពិភពលលោកក្នុងកម្រិតមួយផ្សេងៗគ្នា។ លោកជឿជាក់យ៉ាងមុតមាំថា តាមរយៈការចូលរួមរបស់យុវជននៅគ្រប់តំបន់ នឹងជួយពង្រឹងភាពធន់របស់សង្គម ដើម្បីជំរុញឲ្យមានភាពប្រសើរឡើង នៃពិភពលោក និងសង្គមសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។

សូមរំលឹកផងដែរថា កិច្ចប្រជុំកំពូលនេះធ្វើឡើង ស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានសហការជាមួយមូលនិធិអាស៊ី-អឺរ៉ុប ដោយមានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង នៃមូលនិធិអាស៊ី-អឺរ៉ុប លើកទី៤ (ASEFYLS4) ក្រោមមូលបទ «ការអភិវឌ្ឍពិភពលោកប្រកបដោយចីរភាពក្រោយជំងឺកូវីដ-១៩» (Sustainable Development in a post-COVID-19 World) ដែលជាព្រឹត្តិការណ៍អមមួយនៃ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣។

កិច្ចប្រជុំផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ ចំនួន៤ រួមមាន៖ SDG3 សុខភាព និងសុខុមាលភាពមាំមួន (Good Health & Wellbeing) SDG4 ការអប់រំប្រកបដោយគុណភាព (Quality Education) SDG8 ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច (Decent Work & Economic Growth) និង SDG13 សកម្មភាពបរិស្ថាន(Climate Action) ដោយចែកចេញជា ៤ដំណាក់កាល។

នៅក្នុងដំណាក់កាលទី៣ ដែលជាការអនុវត្ដសកម្មភាពនៃភាពជាអ្នកដឹកនាំ (Leadership in Action) យុវជនអាស៊ី-អឺរ៉ុប, លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាយុវជនអាស៊ី និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំដាំដើមឈើសាមគ្គីភាពយុវជនអាស៊ី-អឺរ៉ុប ចំនួន៥៣ដើម តំណាងឲ្យប្រទេសអាស៊ី-អឺរ៉ុប ទាំង៥១ និងស្ថាប័នចំនួន២ គឺលេខាធិការដ្ឋានអាស៊ាន និងគណៈកម្មការអឺរ៉ុប នៅមុខប្រាសាទអង្គរវត្ត នៃខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ។

ក្នុងនោះមានការចូលរួមពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន, លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិកាអន្តរជាតិ, លោក ទៀ សីហា អភិបាលខេត្តសៀមរាប លោក លោកស្រី ដែលជាអង្គទូតនៃប្រទេសអាស៊ី-អឺរ៉ុបប្រចាំកម្ពុជាជាច្រើនរូប និងយុវជន ASEF ព្រមទាំងសមាជិកក្រុមការងាររៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងនៃមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ (ASEFYLS4) ជាច្រើនរូបទៀតសរុបប្រមាណ២០០នាក់៕